ព័ត៌មានអន្តរជាតិ

អ.ស.ប ចេញមុខថ្កោលទោសខ្លាំងៗ បន្ទាប់ពីកងរក្សាសន្តិភាពសញ្ជាតិឥណ្ឌូណេស៊ី ៣នាក់ស្លាប់ ក្រោយការវាយប្រហារនៅលីបង់

image

សហប្រជាជាតិ៖ អង្គការសហប្រជាជាតិ (អ.ស.ប) បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដែលបានសម្លាប់កងរក្សាសន្តិភាពសញ្ជាតិឥណ្ឌូណេស៊ីចំនួន ៣រូប នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ ។

ស្ថិតនៅក្នុងសន្និសីទកាសែតនៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ អ្នកនាំពាក្យ អ.ស.ប លោក ស្តេហ្វិន ឌូចារ៉េច (Stephane Dujarric) បញ្ជាក់ថា ការដាក់គោលដៅលើកងកម្លាំងមួកខៀវ គឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយសកម្មភាពនេះ អាចនឹងត្រូវចាត់ទុកថាជាឧក្រិដ្ឋកម្មសង្រ្គាមដែលមិនអាចលើកលែងឱ្យបានឡើយ ។

ទាក់ទិននឹងហេតុការណ៍នេះ កងទ័ពអ៊ីស្រាអ៊ែលបានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនពិតជាបានធ្វើប្រតិបត្តិការយោធានៅក្បែរទីតាំងកើតហេតុពិតមែន ប៉ុន្តែក្នុងគោលបំណងកម្ចាត់ក្រុមប្រដាប់អាវុធ ហេសបូឡាហ៍ (Hezbollah) តែប៉ុណ្ណោះ។ បច្ចុប្បន្ន អង្គការសហប្រជាជាតិកំពុងបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីកំណត់ឱ្យច្បាស់ពីប្រភពនៃគ្រាប់ផ្ទុះដែលបានកើតឡើងចំក្បួនរថយន្តដឹកជញ្ជូន និងដើម្បីស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ ។

លោក ហ្សង់-ព្យែរ ឡាគ្រ័រ (Jean-Pierre Lacroix) ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបទៀតរបស់ អ.ស.ប សង្កេតឃើញថា យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអ៊ែលហាក់កំពុងរុញច្រានឱ្យមានការបង្កើតតំបន់ទ្រនាប់ដ៏ធំមួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលបណ្តាលឱ្យភូមិឋានជាច្រើនត្រូវបំផ្លិចបំផ្លាញ និងប្រជាជនស៊ីវិលត្រូវបង្ខំចិត្តភៀសខ្លួន។ ទោះបីជាស្ថិតក្នុងស្ថានភាពប្រកបដោយគ្រោះថ្នាក់បំផុតក៏ដោយ អ.ស.ប នៅតែប្រកាន់ជំហររឹងមាំក្នុងការរក្សាវត្តមានរបស់ខ្លួន ដើម្បីបន្តបេសកកម្មមនុស្សធម៌ និងស្វែងរកផ្លូវឆ្ពោះទៅរកសន្តិភាពតាមរយៈការទូត ។

ភាពតានតឹងនៅក្នុងតំបន់ បានហក់ឡើងដល់ចំណុចកំពូល បន្ទាប់ពីក្រុមហេសបូឡាហ៍ (Hezbollah) បានសម្រេចចិត្តចូលរួមក្នុងសង្គ្រាមយ៉ាងពេញទំហឹង ដើម្បីសងសឹកចំពោះការបាត់បង់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ ការវាយបកគ្នាទៅវិញទៅមកតាមអាកាស និងតាមព្រំដែន បានធ្វើឱ្យប្រទេសលីបង់ធ្លាក់ក្នុងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សស្លាប់ជាង ១,០០០ នាក់ និងរាប់រយគ្រួសារបាត់បង់ទីជម្រក ខណៈពិភពលោកកំពុងអំពាវនាវឱ្យមានការបញ្ឈប់ការបង្ហូរឈាមជាបន្ទាន់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Dimitar Dilkoff/AFP/Getty Images)/ (Silvia Casadei/Middle East Images/AFP/Getty)