មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អាលីរ៉េហ្សា តាំងស៊ីរី បានស្លាប់ដោយសារប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល។
អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ជាផ្លូវការអំពីមរណភាពរបស់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ (IRGC) លោក អាលីរ៉េហ្សា តាំងស៊ីរី (Alireza Tangsiri) បន្ទាប់ពីលោកទទួលរងរបួសធ្ងន់ធ្ងរក្នុងប្រតិបត្តិការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល។ ការវាយប្រហារនេះ កើតឡើងក្នុងគោលដៅជាក់លាក់នៅឯទីក្រុង បានដាស់អាប់បាស់ (Bandar Abbas) ដោយផ្អែកលើព័ត៌មានសម្ងាត់របស់កងទ័ពអ៊ីស្រាអ៊ែល សំដៅកម្ចាត់មន្ត្រីជាន់ខ្ពស់ដែលបានកាន់តំណែងអស់រយៈពេល ៨ ឆ្នាំរូបនេះ ។
ក្នុងពេលដំណាលគ្នា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែល បានចោទប្រកាន់លោក តាំងស៊ីរី (Tangsiri) ថាជាអ្នកទទួលខុសត្រូវផ្ទាល់លើសកម្មភាពភេរវកម្ម និងជាអ្នកបញ្ជាឱ្យដាក់មីនបិទច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់។ អ៊ីស្រាអ៊ែលបានចាត់ទុកជោគជ័យនៃប្រតិបត្តិការនេះ ថាជាសារព្រមានយ៉ាងខ្លាំងក្លាមួយទៅកាន់មេដឹកនាំអ៊ីរ៉ង់ដទៃទៀត ដោយប្រកាសថានឹងតាមកម្ចាត់មន្ត្រីជាន់ខ្ពស់នៃអង្គការភេរវករទាំងនោះឱ្យអស់ម្ដងមួយៗ ។
គួររំឭកថា ស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាបានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានចាប់ផ្ដើមយុទ្ធនាការយោធារួមគ្នាប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ខណៈការសងសឹកគ្នាទៅវិញទៅមកក៏ចាប់ផ្ដើមកើតមានឡើងតាំងពីពេលនោះមក ដោយឥទ្ធិពលនៃសង្គ្រាមនេះបានរីករាលដាលលើសពីព្រំដែនអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែល រហូតអូសទាញក្រុមហេសបូឡាហ៍ (Hezbollah) នៅលីបង់ឱ្យចូលរួមក្នុងជម្លោះយ៉ាងពេញទំហឹង។ ជម្លោះនេះ បានរំខានដល់ផ្លូវដឹកជញ្ជូនថាមពលអន្តរជាតិ រហូតធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើ និងរុញច្រានតម្លៃប្រេងឱ្យឡើងថ្លៃកប់ពពកលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ X/ (SEPAH NEWS / AFP)