អគ្គិភ័យដ៏ខ្លាំងក្លាបង្កដោយរន្ទះបាញ់ ឆាបឆេះរោងចក្រផលិតប្លាស្ទិកនៅស្រុកបូហ្គោ ប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅឯរោងចក្រផលិតប្លាស្ទិក និងតង់ ស្ថិតក្នុងស្រុកបូហ្គោ (Bogor) ខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូណេស៊ី កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីរងការវាយប្រហារដោយរន្ទះបាញ់។ អណ្តាតភ្លើងបានឆាបឆេះយ៉ាងលឿន និងសន្ធោសន្ធៅ បណ្តាលឱ្យអគាររោងចក្រទាំងមូលត្រូវបាក់រលំ និងបន្សល់ទុកនូវផ្សែងខ្មៅងងឹតហុយគ្របដណ្តប់ពេញផ្ទៃមេឃ ។
តាមរយៈសេចក្ដីរាយការណ៍ ឱ្យដឹងថា នៅក្នុងរោងចក្រនោះមានផ្ទុកទៅដោយវត្ថុធាតុដើមដែលងាយឆាបឆេះខ្លាំងជាច្រើនប្រភេទ ដូចជាសារធាតុគីមី ប្លាស្ទិក និងក្រដាស ដែលធ្វើឱ្យការសង្គ្រោះមានភាពស្មុគស្មាញ និងបង្កការភ័យស្លន់ស្លោដល់អ្នកភូមិដែលរស់នៅក្បែរនោះ ។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់កម្លាំងចម្រុះ រួមមានទីភ្នាក់ងារពន្លត់អគ្គិភ័យ កងទ័ព នគរបាល និងអ្នកស្ម័គ្រចិត្ត សរុបប្រមាណជាង ៥០ នាក់ រួមជាមួយឡានទឹកចំនួន ១០ គ្រឿង។ ក្រុមអ្នកសង្គ្រោះ បានចំណាយពេលអស់ប្រហែល ៧ ម៉ោង ទំរាំតែអាចទប់ស្កាត់អណ្តាតភ្លើងមិនឱ្យរីករាលដាលបន្ត និងបានបន្តការងារបាញ់ទឹកពន្លត់រងើកភ្លើងរហូតដល់ថ្ងៃបន្ទាប់ ។
បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃអគ្គិភ័យនេះ បើទោះបីជាការសន្និដ្ឋានបឋមជឿថាបង្កឡើងដោយគ្រោះធម្មជាតិ (រន្ទះបាញ់) ក៏ដោយ។ ហេតុការណ៍នេះ បានក្លាយជាការដាស់តឿនដល់រោងចក្រឧស្សាហកម្មដទៃទៀត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រព័ន្ធការពាររន្ទះ និងសុវត្ថិភាពនៃការរក្សាទុកដាក់សារធាតុគីមីងាយឆាបឆេះ ក្នុងអំឡុងដែលកំពុងមានភ្លៀងធ្លាក់ខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY