មនុស្សរាប់រយនាក់នៅកណ្ដាលទីក្រុងតែលអាវីវ ចេញតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអ៊ែលលើអ៊ីរ៉ង់ និងលីបង់
អ៊ីស្រាអ៊ែល៖ ក្រុមអ្នកតវ៉ារាប់រយនាក់ បានជួបជុំគ្នានៅកណ្តាលទីក្រុងតែលអាវីវ (Tel Aviv) កាលពីដើមសប្ដាហ៍នេះ ដើម្បីសម្ដែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការយោធារបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែល ទៅលើប្រទេសលីបង់ និងអ៊ីរ៉ង់។ ក្រុមអ្នកតវ៉ា លើកឡើងថា នយោបាយដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កំពុងបំផ្លាញអនាគតរបស់យុវជនជំនាន់ក្រោយ តាមរយៈការអូសបន្លាយសង្គ្រាមដែលគ្មានគោលដៅច្បាស់លាស់ ។
ខ្លឹមសារសំខាន់នៃការតវ៉ានេះ គឺអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការបញ្ជូនកងទ័ព ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ ទៅប្រថុយជីវិតនៅក្នុងសមរភូមិក្រៅប្រទេស ជាពិសេសនៅលីបង់។ ក្រុមអ្នកតវ៉ា ក៏បានទាមទារឱ្យមានភាពស្មើគ្នានៅក្នុងកាតព្វកិច្ចបម្រើយោធា និងបានរិះគន់ថា សង្គ្រាមបច្ចុប្បន្នហាក់ដូចជាធ្វើឡើងក្នុងគោលបំណងដណ្តើមទឹកដី ច្រើនជាងការការពារជាតិ ដែលធ្វើឱ្យគ្រួសារជាច្រើនត្រូវរស់ក្នុងភាពភ័យខ្លាច និងបាត់បង់សមាជិកជាទីស្រឡាញ់ជាបន្តបន្ទាប់ ។
ស្ថានភាពនយោបាយ និងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់កម្រិតគ្រោះថ្នាក់បំផុត បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល ទៅលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ដែលនាំឱ្យមានការសងសឹកគ្នាទៅវិញទៅមកដោយប្រើមីស៊ីល និងដ្រូន ។
សង្គ្រាមដែលកំពុងឆាបឆេះនេះ បានបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ ដោយមានមនុស្សស្លាប់ជាង ១,១០០នាក់នៅលីបង់ និងជាង ២០ % នៃប្រជាជនលីបង់ ត្រូវភៀសខ្លួនចោលផ្ទះសម្បែង។ ក្រៅពីផលប៉ះពាល់ដល់អាយុជីវិត ជម្លោះនេះក៏បានបង្កវិបត្តិសេដ្ឋកិច្ចសកល តាមរយៈការរំខានដល់ផ្លូវដឹកជញ្ជូនថាមពលអន្តរជាតិ ដែលធ្វើឱ្យពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY