ប្រទះឃើញបុរសចំណាស់ម្នាក់ ដេកស្លាប់នៅលើស៊ីក្លូ ក្បែរវាលព្រះមេរុ ដោយមិនដឹងមូលហេតុ
ភ្នំពេញ៖ ពលរដ្ឋបានប្រទះឃើញបុរសចំណាស់វ័យជាង ៦០ឆ្នាំម្នាក់ បានដេកស្លាប់នៅលើស៊ីក្លូ ក្បែរវាលព្រះមេរុដោយមិនដឹងមូលហេតុ នៅវេលាម៉ោង ២រសៀល ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្បែរវាលព្រះមេរុ កំណាត់ផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ ម្ចាស់ស៊ីក្លូបានផ្តាំផ្ញើអ្នករត់ស៊ីក្លូដូចគ្នាឱ្យជួយមើលស៊ីក្លូឱ្យគាត់ផង ព្រោះគាត់ត្រូវទៅលេងស្រុកកំណើត។ លុះរហូតមកដល់យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បុរសវ័យចំណាស់ខាងលើបានមកសុំអ្នកនៅក្បែរនោះថា សុំសម្រាកនៅលើស៊ីក្លូ១យប់ រួចក៏សម្រាន្តលង់លក់បាត់ទៅ។ លុះមកដល់វេលាម៉ោង ២រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋបានដើរទៅដាស់គាត់ ព្រោះឃើញសម្រាកតាំងពីយប់មកម្ល៉េះ តែមិនទាន់ឃើញភ្ញាក់ទៀត ទើបសម្រេចចិត្តដាស់ តែជាអកុសលបុរសចំណាស់រូបនោះបានស្លាប់បាត់ទៅហើយ ដោយមិនដឹងមូលហេតុ។
គួរបញ្ជាក់ថា សពបុរសវ័យជាង៦០ឆ្នាំខាងលើ មានសភាពស្គមរីងរៃ ដូចមនុស្សបាក់កម្លាំង។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យធ្វើការត្រួតពិនិត្យសពបុរសខាងលើ ដើម្បីស្វែងរកមូលហេតុ ព្រមទាំងធ្វើការទាក់ទងរកគ្រួសារសព រង់ចាំគ្រួសារមកទទួលយក៕
ដោយ៖ រដ្ឋ រង្សី