ព័ត៌មានអន្តរជាតិ

ឧកញ៉ា ឡេង សុខគា តំណាងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ក្នុងទីក្រុងហូជីមិញ

image

ហូជីមីញ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ ដោយទទួលបានការអនុញ្ញាតពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការចូលរួមដោយឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ក្នុងទីក្រុងហូជីមិញ។

ពិធីបើកពិព័រណ៍អន្តរជាតិស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នៅទីក្រុងហូជីមិញ (ProPak វៀតណាម ២០២៦) នេះ មានការចូលរួមពីតំណាងក្រុមហ៊ុន សហគ្រាស សមាគមធុរកិច្ចរបស់វៀតណាម និងធុរជន និងក្រុមហ៊ុនល្បីៗមកពីទូទាំងពិភពលោក។

 

 ProPak វៀតណាម ២០២៦ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្តោតលើឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ ដែលមានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ ការតាំងពិព័រណ៍ប្រចាំឆ្នាំនេះ គឺជាវេទិកាសំខាន់សម្រាប់អ្នកផ្តល់បច្ចេកវិទ្យាឈានមុខគេលើវិស័យកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ ភេសជ្ជៈ និងឱសថ ក៏ដូចជាដំណោះស្រាយ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកជំនាញ និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់មកពីទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់។

ជាមួយគ្នានេះ ពិព័រណ៍នេះ នឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងការវេចខ្ចប់ ការកែច្នៃអាហារ បច្ចេកវិទ្យា ភេសជ្ជៈ វត្ថុធាតុដើម ឱសថ ភស្តុភារកម្ម និងការផ្គត់ផ្គង់ខ្សែសង្វាក់ឧស្សាហកម្ម ដោយផ្តល់ឱកាសដល់អាជីវកម្មនានាក្នុងការធ្វើបច្ចុប្បន្នភាព ពង្រីកកិច្ចសហប្រតិបត្តិការ និងស្វែងរកដំណោះស្រាយល្អបំផុតដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។

ដោយមានការឧបត្ថម្ភពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ ក្រុមហ៊ុន Informa Markets វៀតណាម, ពិព័រណ៍អន្តរជាតិ ProPak វៀតណាម ឆ្នាំ២០២៦ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC) ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍នេះ បានទាក់ទាញអាជីវកម្មជាង ៤០០ មកពី ៣២ប្រទេស ដែលតាំងពិព័រណ៍លើផ្ទៃដីប្រហែល ១៣.០០០ ម៉ែត្រការ៉េ។

សូមបញ្ជាក់ថា ក្រៅពីចូលរួមពិព័រណ៌អន្តរជាតិ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ វេទិកាចែករំលែក និងទស្សនកិច្ចរោងចក្រ សហគ្រាសផលិត និងជំនួបពាណិជ្ជកម្ម និងចាប់ដៃគូជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗ។

សម្រាប់ទស្សនកិច្ចនៅទីក្រុងហូជីមីញនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា មានការចូលរួមពីសមាជិកសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ, សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ, សភាពាណិជ្ជកម្មខេត្តព្រៃវែង, សភាពាណិជ្ជកម្មខេត្តកំពង់ចាម, សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ, សភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕