បេសកជនរុស្ស៊ី កោតសរសើរតួនាទីរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ ថាជាដៃគូមិនអាចខ្វះបាន ក្នុងការកំណត់វាសនាសេដ្ឋកិច្ចពិភពលោក
ចិន៖ នៅក្នុងកិច្ចប្រជុំមួយនាទីក្រុងប៉េកាំង កាលពីដើមសប្ដាហ៍នេះ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក បូរីស ទីតូវ (Boris Titov) ដែលទទួលបន្ទុកទំនាក់ទំនងជាមួយអង្គការអន្តរជាតិ បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់អង្គការសហប្រតិបត្តិការស៊ាងហៃ ហៅកាត់ថា SCO ជាពិសេសការរួមចំណែកពីប្រទេសមហាអំណាច ដូចជា ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន និងកាហ្សាក់ស្ថាន។ លោកបានចាត់ទុកអង្គការនេះ ថាជាសហគមន៍នៃដៃគូដែលមានសិទ្ធិស្មើគ្នា និងមានការយល់ឃើញជិតស្និទ្ធបំផុតចំពោះបញ្ហាសកល ។
រុស្ស៊ីបានដាក់ចេញនូវសំណើដ៏សំខាន់មួយក្នុងការកសាងកម្មវិធីអភិវឌ្ឍន៍អនាគត ដែលផ្តោតលើការដោះស្រាយបញ្ហាប្រឈមតាមរយៈ ៣ ដំណាក់កាល រួមមាន៖
១. ការកំណត់បញ្ហាប្រឈម និងការគំរាមកំហែង។
២. ការបង្កើតគម្រោង និងកម្មវិធី ដើម្បីកសាងប្រព័ន្ធការពារប្រឆាំងនឹងការគំរាមកំហែងទាំងនោះ។
៣. ការកំណត់ធនធានដែលត្រូវប្រើប្រាស់។
យុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពពិភពលោកបច្ចុប្បន្ន ដែលកំពុងមានការប្រែប្រួល និងការមិនគោរពច្បាប់អន្តរជាតិពីសំណាក់ប្រទេសមួយចំនួន ។
លោក ទីតូវ (Titov) កត់សម្គាល់ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដែលសកលភាវូបនីយកម្មមានការថយចុះ ហើយច្បាប់អន្តរជាតិដែលធ្លាប់មាន ក៏ត្រូវគេរំលោភបំពានថែមទៀត។ កត្តានេះ តម្រូវឱ្យសមាជិក SCO ទាំងអស់ត្រូវរួមកម្លាំងគ្នាគិតគូរឡើងវិញនូវរបៀបដែលពួកគេត្រូវធ្វើការជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម និងសន្តិសុខនៅក្នុងតំបន់ ។
ទន្ទឹមនឹងនោះ អគ្គលេខាធិការអង្គការ SCO បានបង្ហាញពីភាពជោគជ័យនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ជិត ៣០ យន្តការ ដែលកំពុងដំណើរការយ៉ាងសកម្ម។ យន្តការទាំងនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជះឥទ្ធិពលលើនយោបាយ និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY