អ្នកបើកបររថយន្តធំៗរាប់រយគ្រឿង ចេញតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក
បារាំង៖ ទីក្រុងប៉ារីស ជួបប្រទះនឹងការកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីថ្ងៃចន្ទ នៅពេលរថយន្តក្រុង និងរថយន្តដឹកទំនិញរាប់រយគ្រឿង បានបើកយឺតៗតាមផ្លូវក្រវាត់ក្រុង ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈយ៉ាងគំហុក។ ក្រុមអ្នកដឹកជញ្ជូនក្រោមការដឹកនាំរបស់អង្គការអូត្រេ (OTRE) បានហៅស្ថានភាពនេះ ថាជា "គ្រោះអាសន្នដ៏ធ្ងន់ធ្ងរ" ដែលកំពុងគំរាមកំហែងដល់ការរស់រាននៃអាជីវកម្មរបស់ពួកគេ ។
មេដឹកនាំក្រុមអ្នកតវ៉ា ពន្យល់ថា តម្លៃប្រេងដែលកើនឡើងរហូតដល់ ២៥% បានធ្វើឱ្យចំណាយប្រតិបត្តិការហក់ឡើងខ្ពស់ហួសពីសមត្ថភាពដែលក្រុមហ៊ុនអាចទទួលយកបាន។ ពួកគេ បានដាក់សំណើទៅរដ្ឋាភិបាលបារាំងឱ្យជួយអន្តរាគមន៍តាមរយៈការបញ្ចុះតម្លៃប្រេងនៅតាមស្ថានីយ និងការផ្ដល់ប្រាក់ឧបត្ថម្ភផ្ទាល់ដល់រថយន្តនីមួយៗ ដើម្បីជួយសម្រាលកំណើនបន្ទុកចំណាយ ។
ទោះបីជាមានសម្ពាធពីក្រុមអ្នកតវ៉ាក៏ដោយ នាយករដ្ឋមន្ត្រីបារាំង លោក សឺបាស្ទៀន ឡឺគូន័រ (Sebastien Lecornu) បានសម្រេចចិត្តមិនបញ្ចុះពន្ធប្រេងជាទូទៅឡើយ ដោយសារតែបារម្ភពីផលប៉ះពាល់ដល់ស្ថិរភាពថវិកាជាតិ និងគោលដៅឱនភាព GDP។ ជំហរនេះ បានធ្វើឱ្យក្រុមអ្នកដឹកជញ្ជូនព្រមានថា បើគ្មានជំនួយ ៤០០ លានអឺរ៉ូទេ រដ្ឋាភិបាលអាចនឹងខាតបង់ចំណូលពន្ធរាប់ពាន់លានអឺរ៉ូ នៅពេលក្រុមហ៊ុនទាំងនោះត្រូវបង្ខំចិត្តបិទទ្វារ ។
វិបត្តិប្រេងឥន្ធនៈនៅប្រទេសបារាំង គឺជាផលវិបាកដោយផ្ទាល់ពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសបន្ទាប់ពីការវាយប្រហារយោធារវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ជម្លោះនេះ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងជាសកលមានការរំខាន ដែលនាំឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កជារលកបាតុកម្មនៅក្នុងបណ្ដាប្រទេសអឺរ៉ុប ដូចជាបារាំងជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY