វៀតណាម ក្លាយជាអ្នកនាំចូលសាច់បសុបក្សីពីអឺរ៉ុប ធំជាងគេទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍
វៀតណាម៖ នៅក្នុងឆ្នាំ ២០២៥ ប្រទេសវៀតណាមបាននាំចូលសាច់បសុបក្សីពីអឺរ៉ុប លើសពី ៥៦,៥០០ តោន ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកទិញធំជាងគេលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន ។
យោងតាមទិន្នន័យពីគណៈកម្មការអឺរ៉ុប ការនាំចូលមកវៀតណាម រួមមាន សាច់មាន់ សាច់ទា និងសាច់ក្ងាន ពីសហភាពអឺរ៉ុប ដែលបង្ហាញពីតម្រូវការកើនឡើងជាលំដាប់។ ដោយឡែក គិតតែក្នុងខែមករា ឆ្នាំ ២០២៦ វៀតណាមបានក្លាយជាអ្នកនាំចូលសាច់បសុបក្សីពីអឺរ៉ុបធំជាងគេក្នុងតំបន់ ដោយបានទិញលើសពី ៥,៣០០ តោន ។
ប្រទេសប៉ូឡូញ នៅតែជាអ្នកផ្គត់ផ្គង់ធំជាងគេពីតំបន់អឺរ៉ុបមកវៀតណាម ដោយបាននាំចេញលើសពី ៣៧,៣០០ តោនកាលពីឆ្នាំមុន។ បន្ទាប់មកគឺប្រទេសបារាំង (ប្រហែល ៤,៩០០ តោន) ហុងគ្រី (៤,៦៨០ តោន) អ៊ីតាលី (២,៧៥០ តោន) និងហូឡង់ដ៍ (២,១៧០ តោន) ។
នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ «សាច់បសុបក្សីអឺរ៉ុប តាំងពីកសិដ្ឋានរហូតដល់ការបរិភោគ» នៅទីក្រុងហូជីមិញ តំណាងវិស័យបសុបក្សីអឺរ៉ុប បានលើកឡើងថា វៀតណាមគឺជាទីផ្សារអាទិភាពបំផុតមួយក្នុងតំបន់។ ការនាំចូលសាច់បសុបក្សីរបស់វៀតណាម ធ្លាប់បានធ្លាក់ចុះក្នុងអំឡុងឆ្នាំ ២០២១-២០២២ ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីឆ្នាំ ២០២៣ មក នៅពេលដែលការបរិភោគបានងើបឡើងវិញ ។
មន្ត្រីជំនាញ បញ្ជាក់ថា កំណើននៃការនាំចូលនេះសបញ្ជាក់ពីទំនុកចិត្តរបស់អ្នកប្រើប្រាស់កាន់តែខ្លាំងលើផលិតផលអឺរ៉ុប ដែលត្រូវបានផលិតឡើងក្រោមបទដ្ឋានសុវត្ថិភាព និងគុណភាពតឹងរ៉ឹងបំផុត។ គេរំពឹងថា តម្រូវការនឹងបន្តរីកធំឡើងៗ ដោយការនាំចេញសាច់បសុបក្សីពីប៉ូឡូញមកវៀតណាមតែមួយ អាចនឹងឡើងដល់ ៤៥,០០០ តោនក្នុងមួយឆ្នាំៗ នាពេលខាងមុខ ។
យោងតាមទិន្នន័យទីផ្សារ ការបរិភោគសាច់មាន់បានកើនឡើងដល់ ៣៣% នៃបរិមាណសាច់សរុបដែលពលរដ្ឋវៀតណាមបរិភោគក្នុងឆ្នាំ ២០២៤។ ចំណែកការបរិភោគស៊ុតជាមធ្យមមានចំនួន ១៩៨ គ្រាប់ក្នុងម្នាក់ក្នុងមួយឆ្នាំ ដែលនៅទាបជាងមធ្យមភាគសកល (២៥០-៣០០ គ្រាប់) នៅឡើយ ដូច្នេះទីផ្សារនេះនៅមានឱកាសរីកចម្រើនខ្លាំងទៀត។ គេរំពឹងថា កំណើនតម្រូវការនេះ នឹងជួយគាំទ្រទាំងការចិញ្ចឹមសត្វក្នុងស្រុក និងការនាំចូលពីក្រៅប្រទេស ខណៈការរស់នៅ និងចំណូលរបស់ប្រជាជនវៀតណាមកាន់តែប្រសើរឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ eVnExpress on MSN/ (KRD-IG)/ Illustrative photo/ Retail News Asia