ម៉ាឡេស៊ី តម្លើងការរំពឹងទុកលើកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ទោះបីពិភពលោកកំពុងប្រឈមបញ្ហាពាណិជ្ជកម្ម និងតម្លៃប្រេងឡើងថ្លៃក៏ដោយ
ម៉ាឡេស៊ី៖ ធនាគារកណ្ដាលម៉ាឡេស៊ី ឱ្យដឹងនៅថ្ងៃអង្គារនេះថា សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដើរលើផ្លូវដែលរីកចម្រើនលឿនជាងការរំពឹងទុកកាលពីពេលមុន បើទោះបីជាមានការរអាក់រអួលក្នុងវិស័យពាណិជ្ជកម្ម និងការឡើងថ្លៃប្រេងដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា និងការដំឡើងពន្ធនាំចូលពីសំណាក់សហរដ្ឋអាម៉េរិកក៏ដោយ ។
ឥឡូវនេះ ធនាគារកណ្ដាលម៉ាឡេស៊ី ហៅកាត់ថា BNM រំពឹងថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ នឹងស្ថិតនៅក្នុងរង្វង់ពី ៤% ទៅ ៥% ដែលកើនឡើងបន្តិចពីការព្យាករណ៍ចាស់ ចន្លោះពី ៤% ទៅ ៤.៥%។ ធនាគារកណ្ដាល កត់សម្គាល់ពីហានិភ័យនៃអតិផរណា ដោយសារតែការហក់ឡើងនៃតម្លៃប្រេង ប៉ុន្តែឥទ្ធិពលសរុប គឺអាស្រ័យលើរយៈពេល និងភាពធ្ងន់ធ្ងរនៃសង្គ្រាម ។
ស្ថាប័ននេះ បញ្ជាក់ដែរថា ទោះកំពុងប្រឈមមុខនឹងជម្លោះនេះក៏ដោយ ប៉ុន្តែម៉ាឡេស៊ីនៅតែស្ថិតក្នុងស្ថានភាពរឹងមាំ ដោយសារតែមានតម្រូវការក្នុងស្រុកខ្ពស់ អតិផរណានៅទាប វិស័យហិរញ្ញវត្ថុល្អ និងសមត្ថភាពទប់ទល់នឹងសម្ពាធពីខាងក្រៅបានយ៉ាងប្រសើរ ។
ការតម្លើងការព្យាករណ៍នេះ ហាក់បីដូចជាផ្ទុយពីបណ្ដាប្រទេសផ្សេងៗទៀត ដែលកំពុងព្រួយបារម្ភថា សកម្មភាពសេដ្ឋកិច្ចនឹងត្រូវរងគ្រោះដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ BNM បន្ថែមថា ព្រោះតែម៉ាឡេស៊ី គឺជាប្រទេសអ្នកនាំចេញថាមពល ដូចនេះ វានឹងជួយសម្រាលផលប៉ះពាល់ពីជម្លោះនេះបានមួយចំណែកដែរ ។
កំណើនក្នុងឆ្នាំ ២០២៦ នឹងត្រូវគាំទ្រដោយសកម្មភាពចាយវាយរបស់ប្រជាជន ការវិនិយោគ ការនាំចេញគ្រឿងអេឡិចត្រូនិក និងវិស័យទេសចរណ៍។ កាលពីឆ្នាំ ២០២៥ សេដ្ឋកិច្ចម៉ាឡេស៊ី បានកើនឡើង ៥.២% ដែលលើសពីការរំពឹងទុក ។
ដោយសារតែសង្គ្រាម តម្លៃឧបត្ថម្ភធនរបស់រដ្ឋាភិបាល បានហក់ឡើងខ្ពស់។ ក្នុងនោះ រដ្ឋាភិបាលត្រូវចំណាយដល់ទៅ ៤ ពាន់លានរីងហ្គីត (ប្រហែល ៩៩៤ លានដុល្លារ) ក្នុងមួយខែ ដើម្បីរក្សាតម្លៃប្រេងសាំងធម្មតា (RON95) ឱ្យនៅថេរ និងជួយដល់អ្នកប្រើប្រាស់ឡានម៉ាស៊ូត។ ចំពោះអតិផរណារួមក្នុងឆ្នាំ ២០២៦ ត្រូវគេរំពឹងថា នឹងស្ថិតចន្លោះពី ១.៥% ទៅ ២.៥% ។
ចំពោះគោលនយោបាយហិរញ្ញវត្ថុ ធនាគារកណ្ដាលបានរក្សាអត្រាការប្រាក់នៅដដែលក្នុងកម្រិត ២.៧៥%។ ម៉ាឡេស៊ី ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាពន្ធនាំចូលរបស់អាម៉េរិកផងដែរ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធនាំចូល ១០% លើទំនិញទូទាំងពិភពលោកក្នុងរយៈពេល ១៥០ ថ្ងៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Edgar Su)/ Business Today/ Dreams Time/ (Azim Khan Ronnie/SOPA Images/LightRocket/Getty Images)