ព័ត៌មានជាតិ

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ

image

ភ្នំពេញ៖ គិតត្រឹមចុងខែមីនា ពោលគឺ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញកម្ពុជាបាននបញ្ចប់នីតិវិធី និងធ្វើការបណ្ដេញជនបរទេសដែលល្មើសច្បាប់សរុប ១,៥២៨នាក់ (ស្រី ២៣២នាក់) ចេញពីកម្ពុជា។ ជនបរទេសទាំងនោះមាន ២៣សញ្ជាតិ រួមមាន ចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន មីយ៉ាន់ម៉ា ជប៉ុន ស្រីលង្កា នេប៉ាល់ ចិនតៃវ៉ាន់ អង់គ្លេស អូស្ត្រាលី បេឡារូស យ៉ូហ្គង់ដា កេនយ៉ា ហ្គាណា អាហ្វ្រិកខាងត្បូង ប៊ូរុនឌី កាមេរូន រវ៉ាន់ដា និងនីហ្សេរីយ៉ា។

ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញទាំងអស់ កម្លាំងសមត្ថកិច្ចបានកត់សម្គាល់ឃើញថា មានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជនបរទេសទាំងនោះបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសផ្សេងៗ។ ទន្ទឹមនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរក និងចាត់វិធានការលើជនបរទេសណាដែលបន្តស្នាក់នៅខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕