ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយនាយកគ្រប់គ្រង់ទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ
ហូជីមីញ៖ ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងមានការចូលរួមពី ឧកញ៉ា ហេង សំណាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ រួមជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Ben Wong នាយកគ្រប់គ្រង់ទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets Vietnam ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
តាមនាមឱ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឧកញ៉ា ឡេង សុខគា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ុន Informa Markets ដែលបានសម្របសម្រួលដល់សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានមកចូលរួមពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន ក្នុងទីក្រុងហូជីមិញ។
ក្នុងជំនួបនោះ បានផ្តោតជាសំខាន់ទៅលើការផ្សព្វផ្សាយអំពីសក្តានុពលដែលប្រទេសកម្ពុជាមាន ជាពិសេសផលិតផលកសិកម្មដែលមានសក្តានុពលមួយចំនួន ដូចជា គ្រាប់ស្វាយចន្ទី ស្រូវ/អង្ករ កៅស៊ូ និងដំឡូងមី ជាដើម។
ឧកញ៉ា ឡេង សុខគា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំដល់ក្រុមហ៊ុន Informa Markets Vietnam ជួយផ្សព្វផ្សាយ និងជំរុញវិនិយោគិន មកបោះទុនវិនិយោគ និងធ្វើការកែច្នៃ និងវេចខ្ចប់លើផលិតផលសក្តានុពលទាំងនេះ។
ឧកញ៉ា ឡេង សុខគា ក៏បានស្នើក្រុមហ៊ុន Informa Markets Vietnam ជួយបង្កើតជាព្រឹត្តិការណ៍តាំងពិព័រណ៌ និងបង្កើតការផ្គូរផ្គងពាណិជ្ជកម្ម ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីចុងក្រោយ ដល់ធុរជន ពាណិជ្ជករ និងសហគ្រិនកម្ពុជា ដើម្បីជំរុញឱ្យផលិតផលកម្ពុជា កាន់តែមានការអភិវឌ្ឍ និងរីកចម្រើន ព្រមទាំងស្វែងរកដៃគូវិនិយោគ កាន់តែបានច្រើនបន្ថែមទៀត។
ក្នុងជំនួបនោះ ឧកញ៉ា ឡេង សុខគា និងឧកញ៉ា ហេង សំណាង ក៏បានអញ្ជើញលោកនាយកគ្រប់គ្រង់ទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets Vietnam រួមនឹងសហការី ទៅទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ពីផលិតផលកសិកម្ម និងវិស័យសក្តានុពលដែលប្រទេសកម្ពុជាមាន។ ជាមួយគ្នានេះ ឯកឧត្តម ឡេង សុខគា សង្ឃឹមថា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Informa Markets Vietnam នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប លោក Ben Wong នាយកគ្រប់គ្រង់ទូទៅប្រចាំប្រទេស នៃក្រុមហ៊ុន Informa Markets Vietnam បានសម្តែងការស្វាគមន៍ និងអរគុណចំពោះ ឧកញ៉ា ឡេង សុខគា និងឧកញ៉ា ហេង សំណាង រួមនឹងប្រតិភូសភាពាណិជ្ជកម្ពុជា ដែលបានមកចូលរួមពិព័រណ៍អន្តរជាតិ ស្តីពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ (ProPak Vietnam 2026) ក្នុងទីក្រុងហូជីមិញ.
លោក Ben Wong បានគាំទ្រចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហការថ្មីៗ និងយូរអង្វែរបន្ថែមទៀតជាមួយសភាពាណិជ្ជកម្ពុជា ហើយលោក ក៏បានសន្យានឹងពិនិត្យមើលពេលវេលាជាក់ស្តែង ដើម្បីទៅបំពេញទស្សនកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន Informa Markets ក៏នឹងរៀបចំពិព័រណ៌ស្តីពីបច្ចេកវិទ្យាកែច្នៃម្ហូបអាហារ (Food Tech) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នាកោះពេជ្រ រាជធានីភ្នំពេញ និងអំពាវនាវដល់វិនិយោគិន សហគ្រិន និងពាណិជ្ជករ ដែលពាក់ព័ន្ធនឹងវិស័យម្ហូបអាហារចូលរួមឱ្យបានច្រើនកុះករ។
សូមបញ្ជាក់បន្ថែមថា Informa Markets គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ក្នុងការរៀបចំវេទិកា និងពិព័រណ៌សម្រាប់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទីផ្សារ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មដោយច្នៃប្រឌិត និងរីកចម្រើន៕