ស្លាប់អ្នកដំណើរ ១០៧នាក់ និងរបួសជាង ២០០នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែមីនា
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប ១៨៤ករណី បានបណ្ដាលឱ្យមានអ្នកស្លាប់ ១០៧នាក់ និងរងរបួសធ្ងន់ស្រាល ២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
តួលេខនេះបើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ ១៨ករណី អ្នកស្លាប់ថយចុះ ៦៣នាក់ និងអ្នករបួសថយចុះ ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។
កាលពីរសៀលថ្ងៃទី៣១ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវ និងទទូចឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ភ្ញាក់រលឹក និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសក្នុងគ្រាដែលសមត្ថកិច្ចទទួលគោលការណ៍អនុវត្តត្រឹមការអប់រំ លើកលែងតែករណីបើកបរមានជាតិស្រវឹង។
លោកបានសង្កត់ធ្ងន់ថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើឡើងត្រឹមតែដើម្បីគេចវេសពីការផាកពិន័យរបស់សមត្ថកិច្ចនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចមនសិការដ៏ចម្បងដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសេចក្តីសុខសាន្តរបស់សង្គមជាតិទាំងមូល៕