តុលាការសម្រេចឃុំខ្លួនមនុស្ស ១៨នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី online scam
ភ្នំពេញ៖ លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាចំនួន១៨ផ្សេងគ្នា នបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន១៨នាក់ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
យោងតាមដីកាចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រុមជនត្រូវចោទត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។ តាមបញ្ញត្តិជនត្រូវចោទអាចត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ឆ្នាំ។
ក្នុងចំណោមជនត្រូវចោទទាំង ១៨នាក់ មានជនជាតិ ចិនចំនួន ១៤នាក់ ម៉ាឡេស៊ី ២នាក់ មីយ៉ាន់ម៉ា ១នាក់ និងខ្មែរ ១នាក់ ដែលភាគច្រើនស្នាក់នៅ និងធ្វើការក្នុងសណ្ឋាគារជីនបៀនមេនឌូ ស្ថិតនៅ ផ្លូវលេខ ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាទីដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
ជនត្រូវចោទទាំងនោះត្រូវបានចៅក្រមស៊ើបសួរបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំពោះជនត្រូវចោទជាបុរស និងនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ចំពោះជនត្រូវចោទជាស្ត្រី ដើម្បីរង់ចាំការអនុវត្តនីតិវិធីតុលាការ។
សូមបញ្ជាក់ថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ពោលគឺ ក្នុងរយៈពេល៩ខែ ចុងក្រោយ សមត្ថកិច្ចកម្ពុជាក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួនជាង ២៥០ករណី និងបានកសាងសំណុំរឿង បញ្ចូនទៅតុលាការចំនួន ៨០ករណី ពាក់ព័ន្ធជនសង្ស័យប្រមាណ៧៥០នាក់ មានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ៕