ព័ត៌មានអន្តរជាតិ

តារាហូលីវូដ លោកស្រី អ៊ែនជែលីណា ចូលី អញ្ជើញពិនិត្យអគាររោងភាពយន្តក្នុងក្រុងបាត់ដំបង និងចុះសួរសុខទុក្ខសិស្សានុសិស្សនៅវិទ្យាល័យសំឡូត

image

បាត់ដំបង៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីល្បាញ បានអញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង ដែលនេះគឺជាផ្នែកនៃដំណើរបំពេញទស្សនកិច្ចត្រួតពិនិត្យវិស័យវប្បធម៌ ។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ ។

ដំណើរទស្សនកិច្ចរបស់លោកស្រី អ៊ែនជែលីណា ចូលី (Angelina Jolie) នាពេលនេះ ធ្វើឡើងដោយតបតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយគាំទ្រដល់ការជួសជុល និងកែលម្អឡើងវិញនូវរោងភាពយន្តប្រវត្តិសាស្ត្រទាំងពីរនេះ ។

គួរបញ្ជាក់ដែរថា រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ ហើយត្រូវគេចាត់ទុកថាជាសំណង់វប្បធម៌ដ៏សំខាន់ក្នុងខេត្តបាត់ដំបង ដែលឆ្លុះបញ្ចាំងពីមរតកសិល្បៈដ៏សម្បូរបែបរបស់ខេត្ត ។

កាលពីមួយថ្ងៃមុន លោកស្រី ចូលី បានអញ្ជើញទៅទស្សនកិច្ចនៅឯវិទ្យាល័យសំឡូត ក្នុងខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីការសិក្សារបស់សិស្សានុសិស្ស ជាពិសេសស្ថានភាពសិស្សដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរបស់សាលា ។

តារាសម្ដែងដ៏ល្បីល្បាញរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ដោយអ្នកស្រីបានយកកូនខ្មែរម្នាក់មកចិញ្ចឹម គឺលោក ម៉ាឌុក ចូលី-ភីត (Maddox Jolie-Pitt) ហើយលោកស្រីក៏ទទួលបានសញ្ជាតិខ្មែរផងដែរ កាលពីឆ្នាំ២០០៥ ។

នៅឆ្នាំ២០០៦ លោកស្រីបានបង្កើតមូលនិធិ ម៉ាឌុក ចូលី-ភីត (Maddox Jolie-Pitt Foundation) នៅក្នុងស្រុកសំឡូត ដែលផ្ដោតសំខាន់លើការអភិរក្សបរិស្ថាន ការការពារសត្វព្រៃ សុខភាពសាធារណៈ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ។

លោកស្រី ចូលី បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង នៅក្នុងឆ្នាំ២០០០ ដើម្បីថតខ្សែភាពយន្តរឿង ឡារ៉ាក្រូហ្វ៖ ថមរ៉ៃឌ័រ (Lara Croft: Tomb Raider) នៅតាមប្រាសាទបុរាណក្នុងខេត្តសៀមរាប ដែលភាពយន្តនោះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍កាន់តែខ្លាំងលើមរតកវប្បធម៌របស់កម្ពុជា ៕

អត្ថបទ៖ CNC

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង/ Cambodianess