អ្នកឧកញ៉ា គិត ម៉េង ទទួលជួបពិភាក្សាការងារជាមួយក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ធុរកិច្ចជំនាន់ក្រោយ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយនឹងក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយ លោក Hiromi Aoki ដែលជាប្រធាន ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នាឱកាសនោះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកឧកញ៉ាប្រធានក៏បានលើកឡើង ពីការប្តេជ្ញារបស់ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹង និងតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងគាំទ្រដល់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។
លោក Hiromi Aoki ថ្លែងអំណរគុណដល់អ្នកឧកញ៉ាប្រធាន និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលដ៏មានតម្លៃក្នុងការអនុញ្ញាតអោយមានការជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃនេះ។
លោកប្រធានក៏បានណែនាំសមាសភាពពីក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានលើកឡើងពីបេសកកម្មរបស់ ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ជំនាញដឹកនាំដល់សហគ្រិនវ័យក្មេង និងកិច្ចការងារផ្សេងៗ។
សូមជម្រាបជូនថា កិច្ចពិភាក្សានេះគឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃអនាគត៕
រូបភាព៖ អ៊ុន ផាន់ណាត