ក្រុមហ៊ុនសែលកាត និង Moonton ពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលនៅកម្ពុជា បានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនជាមួយក្រុមហ៊ុន Moonton ដែលជាក្រុមហ៊ុនអភិវឌ្ឍហ្គេម Mobile Legends: Bang Bang (MLBB) ដើម្បីជំរុញការរីកលូតលាស់នៃប្រព័ន្ធអេកូឡូស៊ីកីឡាអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានសន្ទុះខ្លាំងជាងមុន។
កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិស័យកីឡាអេឡិចត្រូនិកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា ដោយនាំមកនូវបទពិសោធការប្រកួតលំដាប់ថ្នាក់ពិភពលោក រួមជាមួយការភ្ជាប់ទំនាក់ទំនងឌីជីថលដែលមានប្រសិទ្ធភាពខ្ពស់។
ថ្លែងអំពីភាពជាដៃគូនេះ លោក Yap Kok Leong អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងសម្រាប់ក្រុមហ៊ុនសែលកាត ដែលបានឈរទន្ទឹមគ្នាជាមួយ Moonton និងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បន្តដំណើរដ៏អស្ចារ្យនេះជាមួយគ្នា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យើងបានឃើញពីឥទ្ធិពលដ៏ខ្លាំងក្លា ពោលគឺសហគមន៍កីឡាអេឡិចត្រូនិកដ៏រឹងមាំ រួមមានការតភ្ជាប់កាន់តែស្និទ្ធស្នាលជាងមុន និងសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន»។
ក្នុងនាមជាដៃគូទូរគមនាគមន៍ឌីជីថលផ្លូវការរបស់ MLBB នៅកម្ពុជា ក្រុមហ៊ុនសែលកាតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការប្រកួតធំៗដូចជា MPL Cambodia ដែលជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយសម្រាប់ក្រុម និងកីឡាករកីឡាអេឡិចត្រូនិកឆ្នើមៗរបស់កម្ពុជាប្រកួតប្រជែងគ្នា ដើម្បីតំណាងជាតិឡើងទៅប្រកួតលើឆាកអន្តរជាតិ។
លោក Yap Kok Leong បានបន្ថែមថា៖ «តាមរយៈកិច្ចសហការជាមួយ Moonton ពួកយើងបានឃើញការបង្កើតនូវប្រវត្តិសាស្ត្រថ្មីៗ ដោយក្រុមនីមួយៗបានពង្រឹងសមត្ថភាពកាន់តែខ្លាំង ព្រមទាំងមានវត្តមានម្ចាស់ជើងឯកថ្មីៗ និងសហគមន៍កីឡាអេឡិចត្រូនិកដែលបន្តរីកចម្រើនព្រមគ្នា»។
ចំណុចស្នូលនៃភាពជាដៃគូនេះ គឺផ្អែកលើជំនឿរួមគ្នាលើថាមពលនៃការតភ្ជាប់ ដើម្បីបង្ហាញសក្តានុពលបន្ថែមទៀត។
«នៅក្រុមហ៊ុនសែលកាត រាល់សកម្មភាពដែលយើងធ្វើ គឺជួយឱ្យប្រជាជនកម្ពុជាទាំងអស់អាចរស់នៅក្នុងជីវិតឌីជីថលដែលតភ្ជាប់គ្នាយ៉ាងងាយស្រួល។ សព្វថ្ងៃនេះ ការតភ្ជាប់មិនមែនគ្រាន់តែជាការប្រើប្រាស់អ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការដែលយើងរស់នៅ ធ្វើការ រៀនសូត្រ និងកម្សាន្តជារៀងរាល់ថ្ងៃ។ ហើយការលេងហ្គេមកម្សាន្ត គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតឌីជីថលផងដែរ»។
តាមរយៈបណ្តាញ 5G ក្រុមហ៊ុនសែលកាតផ្តល់នូវកម្រិតឆ្លើយតប (Latency) ទាប និងល្បឿនលឿន ដែលត្រូវបានអភិវឌ្ឍឡើងសម្រាប់ការប្រកួតប្រជែង ដែលរាល់វិនាទីគឺសុទ្ធតែមានតម្លៃ។ ជាមួយនឹងអ្នកលេង MLBB ជាង 3 លាននាក់នៅកម្ពុជា អ្នកប្រើប្រាស់កាន់តែច្រើនកំពុងជ្រើសរើសយកបណ្តាញ cellcard 5G ដើម្បីទទួលបានបទពិសោធលេងហ្គេមកាន់តែរលូន។
កីឡាអេឡិចត្រូនិកមិនមែនសម្រាប់តែកីឡាករអាជីពឡើយ ពោលកីឡានេះត្រូវបានជំរុញដោយសហគមន៍អ្នកស្រឡាញ់កីឡាអេឡិចត្រូនិកទាំងមូល។ ដើម្បីផ្ដល់ជូនកីឡាករ និងអ្នកគាំទ្រនូវបទពិសោធថ្មីនៃការលេងហ្គេមនោះ ក្រុមហ៊ុនសែលកាតបន្តបង្កើតគម្រោង និងសេវាកម្មទៅតាមតម្រូវការដូចជាកញ្ចប់គម្រោង cellcard AO GAMER និងកញ្ចប់ cellcard AO MLBB ដែលជាបទពិសោធរួមបញ្ចូលគ្នារវាង អ៊ីនធឺណិត ការហៅទូរស័ព្ទ និងអត្ថប្រយោជន៍បន្ថែមក្នុងហ្គេម Mobile Legends: Bang Bang។
គម្រោង និងសេវាកម្មទាំងនេះត្រូវបានបង្កើតឡើង មិនត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពនៃការលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអ្នកគាំទ្រអាចទស្សនាការផ្សាយផ្ទាល់ ចូលរួមសកម្មភាពផ្សេងៗ និងរក្សាការទំនាក់ទំនងជាមួយក្រុមដែលពួកគេចូលចិត្តបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។
លោក Yap Kok Leong បានលើកឡើងថា៖ «កីឡាអេឡិចត្រូនិកមិនមែនគ្រាន់តែជាហ្គេមនោះទេ វាគឺជាសហគមន៍មួយ។ តាមរយៈកិច្ចសហការជាមួយ Moonton យើងប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីទាំងមូលនេះ ចាប់តាំងពីកីឡាករ និងក្រុម រហូតដល់អ្នកគាំទ្រ និងអ្នកបង្កើតមាតិកា)»។
នៅពេលដែលភាពជាដៃគូនេះឈានចូលដំណាក់កាលបន្ទាប់ ទាំងក្រុមហ៊ុនសែលកាត និង Moonton មានមហិច្ឆតារួមគ្នាដ៏ធំមួយ គឺការលើកកម្ពស់កម្ពុជាឱ្យឈានទៅដល់ឆាកកីឡាអេឡិចត្រូនិកកម្រិតតំបន់ និងពិភពលោក។
«យើងចង់ឃើញក្រុមរបស់កម្ពុជាចូលរួមប្រកួត និងទទួលបានជ័យជម្នះនៅក្រៅប្រទេស។ អ្វីដែលកាន់តែសំខាន់នោះ យើងចង់ជួយលើកទឹកចិត្តអ្នកលេងហ្គេម និងអ្នកគាំទ្រជំនាន់ថ្មី ដែលជាផ្នែកមួយនៃកីឡាអេឡិចត្រូនិកកម្រិតពិភពលោក»។
ក្រុមហ៊ុនសែលកាត និង Moonton មិនត្រឹមតែបង្កើតការតភ្ជាប់ដែលប្រសើរជាងមុនប៉ុណ្ណោះទេ។ យើងកំពុងកសាងកិត្យានុភាពរបស់កម្ពុជានៅក្នុងសង្វៀនហ្គេមលំដាប់សកល៕