ក្រសួងបរិស្ថាន អះអាងថា គុណភាពខ្យល់នៅកម្ពុជាមានកម្រិតល្អ នៅត្រីមាសទី១ឆ្នាំ២០២៦
ភ្នំពេញ៖ តាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយដែលបានដំឡើងនៅទូទាំងប្រទេស ចំនួន ៥៩ទីតាំង (នៅរាជធានីភ្នំពេញចំនួន ១២ទីតាំង និងតាមបណ្ដាខេត្តទូទាំងប្រទេសចំនួន ៤៧ទីតាំង) បានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ស្ថិតក្នុងកម្រិតល្អ ធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។
ដោយឡែក បេីធៀបគុណភាពខ្យល់រវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ ស្មើនឹង ២៤.២៨ µg/m3។ ចំណែកនៅត្រីមាសទី១ នៃឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣,០៩ µg/m3។
ជាមួយគ្នានេះដែរ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញ បានចុះត្រួតពិនិត្យ តាមដានគុណភាពខ្យល់សាធារណៈដោយប្រើប្រាស់រថយន្តចល័តចំនួន ៦លើក នៅខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។
សូមបញ្ជាក់ថា ក្នុងត្រីមាសទី១ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានតាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ៕