ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌូណេស៊ី លើកគ្នាតវ៉ានៅមុខស្ថានទូតអាម៉េរិកក្នុងទីក្រុងហ្សាកាតា ក្រោយកងទ័ពរក្សាសន្តិភាព ៣ នាក់ពលីនៅលីបង់

image



ឥណ្ឌូណេស៊ី៖ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឡើងកម្ដៅខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពរក្សាសន្តិភាពរបស់ខ្លួនចំនួន ៣ នាក់បានពលីជីវិត និង ៨ នាក់ផ្សេងទៀតរងរបួស ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់។ ហេតុការណ៍នេះ បានបង្កឱ្យមានការបាតុកម្មនៅមុខស្ថានទូតសហរដ្ឋអាម៉េរិកក្នុងទីក្រុងហ្សាកាតា ដោយក្រុមអ្នកតវ៉ា ចាត់ទុកថាការសម្លាប់កងទ័ពមួកខៀវដោយកងកម្លាំងអ៊ីស្រាអ៊ែល គឺជាការប្រមាថដល់កិត្តិយស និងអធិបតេយ្យភាពរបស់ជាតិឥណ្ឌូណេស៊ីទាំងមូល ។

ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិល បានដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋាភិបាល ដោយទាមទារឱ្យមានវិធានការតបតឱ្យបានម៉ឺងម៉ាត់លើសពីការប្រើពាក្យសម្តីថ្កោលទោស។ ពួកគេ បានអំពាវនាវឱ្យឥណ្ឌូណេស៊ីដកខ្លួនចេញពីគំនិតផ្តួចផ្តើមសន្តិភាពនានាដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ដោយលើកឡើងថាវាមិនសមស្របឡើយដែលឥណ្ឌូណេស៊ីត្រូវនៅក្បែរភាគីអ៊ីស្រាអ៊ែល ក្នុងនាមជាសមាជិកនៃអង្គការតែមួយ បន្ទាប់ពីមានការវាយប្រហារលើកងទ័ពខ្លួនបែបនេះ ។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ បានចេញមុខប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុតចំពោះទង្វើរបស់អ៊ីស្រាអ៊ែល និងបានទាមទារឱ្យមានការស៊ើបអង្កេតជាអន្តរជាតិឱ្យបានស៊ីជម្រៅ។ ក្នុងនាមជាប្រទេសដែលមានកងទ័ពរក្សាសន្តិភាពច្រើនជាងគេមួយក្នុងតំបន់ ឥណ្ឌូណេស៊ីបានសង្កត់ធ្ងន់លើការការពារសុវត្ថិភាពបុគ្គលិករបស់ខ្លួនដែលកំពុងបំពេញបេសកកម្មមនុស្សធម៌នៅមជ្ឈិមបូព៌ា ។

វិបត្តិនេះ គឺជាលទ្ធផលនៃការរីករាលដាលនៃសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល ជាមួយភាគីអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ការវាយប្រហារដែលប៉ះពាល់ដល់កងទ័ពមួកខៀវនេះ កាន់តែធ្វើឱ្យស្ថានភាពសន្តិសុខសកលមានភាពផុយស្រួយ ជាពិសេសនៅពេលដែលផ្លូវដឹកជញ្ជូនសមុទ្រសំខាន់ៗត្រូវបានបិទ និងមានការចូលរួមសងសឹកពីក្រុមប្រដាប់អាវុធដទៃទៀតក្នុងតំបន់ ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំបន្ថែមទៀត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.