រដ្ឋមន្ត្រីការបរទេសហុងគ្រី ព្រមានពីគ្រោះថ្នាក់ ក្រោយរកឃើញជាតិផ្ទុះកម្លាំងខ្លាំងនៅក្បែរបំពង់ឧស្ម័ន TurkStream ក្នុងប្រទេសស៊ែប៊ី
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភេធ័រ ជីចាតូ (Peter Szijjarto) បានប្រកាសកាលពីថ្ងៃអាទិត្យថា អធិបតេយ្យភាពរបស់ប្រទេសលោក កំពុងរងការគំរាមកំហែង បន្ទាប់ពីគេបានរកឃើញជាតិផ្ទុះនៅក្បែរបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream)។ លោកថ្លែងថា «យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើអធិបតេយ្យភាពរបស់យើង ព្រោះការប៉ុនប៉ងបំផ្លាញសន្តិសុខនៃប្រភពថាមពល គឺជាការវាយប្រហារលើអធិបតេយ្យភាពជាតិដោយផ្ទាល់» ។
លោកបន្តថា «យើងនឹងការពារខ្លួនយើង រួមជាមួយភាគីស៊ែប៊ី ដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ថាមពល។ យើងនឹងមិនបណ្តោយឱ្យនរណាម្នាក់បង្ខំឱ្យយើងទិញថាមពលក្នុងតម្លៃថ្លៃ និងពីប្រភពដែលមិនមានសុវត្ថិភាពជាងបច្ចុប្បន្ននោះឡើយ»។ លោកសង្កត់ធ្ងន់ថា បំពង់ឧស្ម័ននេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាដឹកជញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីមកកាន់ហុងគ្រី តួកគីយេ និងបណ្តាប្រទេសអឺរ៉ុបដទៃទៀត។ បើបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream) មិនដំណើរការទេ ហុងគ្រីនឹងត្រូវទិញឧស្ម័នក្នុងតម្លៃថ្លៃជាងមុនច្រើនដង ដែលអាចធ្វើឱ្យតម្លៃប្រើប្រាស់ក្នុងផ្ទះឡើងថ្លៃដល់ទៅ ៣ ដង ។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ឌ័រ វូស៉ីក (Aleksandar Vucic) បានប្រកាសថា ជាតិផ្ទុះដែលមានកម្លាំងបំផ្លាញខ្លាំងចំនួន ២ កញ្ចប់ធំ ត្រូវបានរកឃើញនៅក្នុងក្រុង កាន់ជិហ្សា (Kanjiza) ក្បែរបំពង់ឧស្ម័នដ៏សំខាន់។ លោក វូស៉ីក (Vucic) បានសន្យាថានឹងឆ្លើយតបចំពោះការប៉ុនប៉ងណាមួយដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ជាតិ ហើយកងកម្លាំងសន្តិសុខស៊ែប៊ី ក៏បានចាប់ផ្ដើមបើកការស៊ើបអង្កេតផងដែរ ។
កន្លងមក ទាំងហុងគ្រី និងរុស្ស៊ី បានរាយការណ៍ជាបន្តបន្ទាប់អំពីការវាយប្រហារដោយដ្រូនលើបំពង់ឧស្ម័ន ធេីកស្ទ្រីម (TurkStream) និង ប្ល៊ូស្រ្ទ៊ីម (Blue Stream) ដោយបានចោទប្រកាន់ទីក្រុងគីវ ប្រទេសអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយរឿងនេះ។ ទោះជាយ៉ាងណាក្ដី អ៊ុយក្រែនមិនទាន់បានចេញមុខបកស្រាយជាសាធារណៈចំពោះការចោទប្រកាន់ទាំងនេះនៅឡើយទេ។ បច្ចុប្បន្ន ហុងគ្រីនៅតែបន្តពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នពីរុស្ស៊ី ដើម្បីរក្សាតម្លៃថាមពលក្នុងស្រុកឱ្យស្ថិតក្នុងកម្រិតទាបបំផុតមួយក្នុងអឺរ៉ុប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ dailysabah & nsenergybusiness on Microsoft Bing