រដ្ឋមន្ត្រីអ៊ីរ៉ង់ រិះគន់ អ.ស.ប និងយូណេស្កូ ថាព្រងើយកន្តើយចំពោះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក
អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្ហាញនូវការសោកស្តាយ និងក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ និងខូចខាតទ្រព្យសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្លួន ក្នុងអំឡុងមានជម្លោះយោធាដ៏តានតឹង។ យោងតាមរបាយការណ៍ផ្លូវការ ទីតាំងប្រវត្តិសាស្ត្រចំនួន ១៣១ កន្លែង រួមទាំងសារមន្ទីរ និងព្រះបរមរាជវាំងដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញ ដែលនេះមិនត្រឹមតែជាការបាត់បង់របស់ជាតិអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់មនុស្សជាតិទាំងមូល ។
រដ្ឋមន្ត្រីបេតិកភណ្ឌវប្បធម៌អ៊ីរ៉ង់ លោក Reza Salehi Amiri បានចេញមុខរិះគន់យ៉ាងខ្លាំងៗទៅលើសហគមន៍អន្តរជាតិ (អ.ស.ប) និងអង្គការធំៗ ដូចជា យូណេស្កូ (UNESCO) ជាដើម ដែលមិនបានចាត់វិធានការជាក់ស្តែងដើម្បីការពារទីតាំងទាំងនេះ។ លោកសង្កត់ធ្ងន់ថា ភាពស្ងៀមស្ងាត់ និងការត្រឹមតែផ្ញើសារសោកស្តាយដោយគ្មានសកម្មភាពសង្គ្រោះពិតប្រាកដ គឺជាភស្តុតាងដែលបង្ហាញថាពិភពលោកមិនទាន់មានការឯកភាពគ្នាក្នុងការការពារបេតិកភណ្ឌវប្បធម៌ក្នុងគ្រាមានសង្គ្រាមនៅឡើយ ។
ក្រៅពីការលើកឡើងអំពីការខូចខាត ភាគីអ៊ីរ៉ង់ ក៏បានរិះគន់ខ្លាំងៗទៅលើបុគ្គលិកលក្ខណៈ និងការដឹកនាំរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ផងដែរ។ រដ្ឋមន្ត្រីអ៊ីរ៉ង់ ចោទប្រកាន់ថា ប្រតិបត្តិការយោធាដែលបង្កឱ្យមានការបំផ្លាញនេះ គឺធ្វើឡើងដើម្បីតែមហិច្ឆតាផ្ទាល់ខ្លួន និងចង់បានចំណាប់អារម្មណ៍ពីអន្តរជាតិ ដោយមិនបានគិតគូរដល់តម្លៃប្រវត្តិសាស្ត្រ និងសន្តិសុខសកលដែលកំពុងរង្គោះរង្គើនោះទេ ។
ទោះបីជាកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក និងមានការផ្លាស់ប្តូរមេដឹកនាំកំពូលបន្ទាប់ពីមរណភាពរបស់លោក Ali Khamenei ក៏ដោយ ក៏អ៊ីរ៉ង់ បានបង្ហាញជំហររឹងមាំក្នុងការការពារអត្តសញ្ញាណជាតិរបស់ខ្លួន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា អ៊ីរ៉ង់នឹងបន្តរស់រានមានជីវិត និងរក្សានូវមោទនភាពជាតិ ទោះបីជាត្រូវឆ្លងកាត់ការឈ្លានពាន ឬការបំផ្លិចបំផ្លាញពីសត្រូវក្នុងរូបភាពណាក៏ដោយ ព្រោះវប្បធម៌ និងប្រវត្តិសាស្ត្រគឺជាសរសៃឈាមដែលតភ្ជាប់ប្រជាជនអ៊ីរ៉ង់គ្រប់រូប ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Al Jazeera