ភ្ញៀវទេសចរហុងកុង ងាកមកជ្រើសរើសការដើរលេងនៅចិនដីគោកវិញ ព្រោះសុវត្ថិភាព និងមានតម្លៃធូរថ្លៃជាង
ចិន៖ អ្នកដឹកនាំក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ការកើនឡើងនូវកម្រៃសេវាបន្ថែមលើប្រេងសាំងយន្តហោះ និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានធ្វើឱ្យអ្នករស់នៅក្រុងហុងកុង លែងសូវចង់ដើរលេងនៅប្រទេសឆ្ងាយៗទៀតឡើយ ។
លោក ឡាវ (Lau) ទេសចរម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត បានងាកមកជិះរថភ្លើងល្បឿនលឿន ឬហោះហើរទៅកាន់ចិនដីគោកវិញ បន្ទាប់ពីរាងចាលនឹងតម្លៃសំបុត្រយន្តហោះអន្តរជាតិដែលឡើងថ្លៃខ្លាំង ជាពិសេសគឺកម្រៃសេវាប្រេងសាំង ក្នុងកំឡុងមួយខែបន្ទាប់ពីមានការវាយប្រហាររវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។ បុរសវ័យ ៣៤ ឆ្នាំរូបនេះ ដែលធ្វើដំណើរទៅទីក្រុងក្វាងចូវជាមួយភរិយា បានរៀបរាប់ថា ការជិះរថភ្លើងទៅមកអស់ត្រឹមប្រហែល ៥០០ ដុល្លារហុងកុង (ជិត ៦៤ ដុល្លារអាម៉េរិក) ប៉ុណ្ណោះ ខណៈដែលជើងហោះហើររយៈពេលខ្លី អាចអស់លើសពី ១,៥០០ ដុល្លារហុងកុង បើបូកទាំងថ្លៃសេវាបន្ថែម ។
លោក ទីមូធី ឈុយ (Timothy Chui) នាយកប្រតិបត្តិនៃសមាគមទេសចរណ៍ហុងកុង បានប្រាប់សារព័ត៌មាន (South China Morning Post) ថា តម្លៃសេវាប្រេងយន្តហោះដែលហក់ឡើងខ្ពស់ និងសង្គ្រាមនៅមជ្ឈិមបូព៌ា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកចង់ដើរលេងឆ្ងាយៗ ដូចជានៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យពួកគេសាកល្បងទៅកម្សាន្តនៅតំបន់ថ្មីៗក្នុងប្រទេសចិនដែលកម្រមានអ្នកទៅដល់ ដូចជា ហាប៊ីន (Harbin) ឬស៊ីនជាំង (Xinjiang) ជាដើម ។
ទេសចរម្នាក់ទៀតឈ្មោះ ចននី វុង (Jonnie Wong) ដែលធ្វើដំណើរទៅទីក្រុងអ៊ូហាន បាននិយាយថា ក្រៅពីបញ្ហាតម្លៃ សុវត្ថិភាពក៏ជារឿងសំខាន់ដែរ។ អ្នកស្រី មានអារម្មណ៍ថា ការដើរលេងនៅចិនដីគោកមានសុវត្ថិភាពជាងការទៅអឺរ៉ុបក្នុងស្ថានភាពបច្ចុប្បន្ន។ ចំណែកអ្នកសេដ្ឋកិច្ចមកពីធនាគារ ណាធីស៉ីស (Natixis) យល់ស្របថា តម្លៃរថភ្លើងមានស្ថិរភាពជាងយន្តហោះ ព្រោះវាមិនសូវរងឥទ្ធិពលពីការប្រែប្រួលតម្លៃប្រេងពិភពលោក ។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជា កាថេយ ប៉ាស៉ីហ្វិក (Cathay Pacific), HK Express និងហុងកុងអ៊ែរឡាញ (Hong Kong Airlines) សុទ្ធតែបានដំឡើងថ្លៃសេវាបន្ថែមលើប្រេងសាំងយ៉ាងខ្លាំង។ តួយ៉ាង ថ្លៃសេវាបន្ថែមសម្រាប់ជើងហោះហើរឆ្ងាយរបស់ កាថេយ ប៉ាស៉ីហ្វិក (Cathay Pacific) បានឡើងពី ៥៦៩ ដុល្លារហុងកុង ទៅដល់ ១,៥៦០ ដុល្លារហុងកុង (កើនឡើងជិត ៣ ដង)។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនខ្លះ នៅតែរក្សាតម្លៃដដែលសម្រាប់ជើងហោះហើរទៅកាន់ចិនដីគោក ដើម្បីទាក់ទាញអតិថិជន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post on MSN | រូបភាព៖ Financial Times/ Jelly Tse on South China Morning Post