ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ

image

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ ខណៈការជ្រើសរើស និងគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។

ក្នុងសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា៖ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។

សម្តេចនាយករដ្ឋមន្ត្រី បានជំរុញឲ្យអ្នកផលិតទាំងអស់ បន្តវិនិយោគលើការច្នៃប្រឌិត ការកែលម្អគុណភាព និងការបង្កើតផលិតផលថ្មីៗ ដែលអាចឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស ការបន្តគាំទ្រគោលនយោបាយនិងអន្តរាគមន៍នានា សំដៅពង្រឹងទំនុកចិត្តរបស់អ្នកវិនិយោគទុន។ ជាពិសេស សូមជូនសារដល់យុវជនខ្មែរទាំងអស់ ត្រូវធ្វើខ្លួន ឱ្យក្លាយជាអ្នកច្នៃប្រឌិតថ្មី អ្នកបង្កើតថ្មី និងជាអ្នកដឹកនាំសេដ្ឋកិច្ចសម័យទំនើប។

សម្តេចធិបតី បានកត់សម្គាល់ថា ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលក្នុងនោះ មានបញ្ហាវិបត្តិសេដ្ឋកិច្ចសកលផង និងរួមទាំងបញ្ហាព្រឹត្តិការណ៍ជម្លោះព្រំដែនខ្មែរ ថៃផងដែរ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភ និងកាន់តែប្រុងប្រយ័ត្នខ្ពស់។

ក្នុងបរិបទនេះ សម្តេចធិបតី បានបញ្ជាក់ថា សន្តិភាព និងស្ថិរភាពតំបន់ គឺជាមូលដ្ឋានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ សម្តេចក៏បានសង្កេតឃើញអំពីការប្រកាន់យកនូវមនសិការជាតិនិយមដ៏ឧត្តុង្គឧត្តមរបស់បងប្អូនជនរួមឈាមខ្មែរទាំងអស់ ដោយបានសម្តែងឱ្យឃើញនូវសាមគ្គីភាពជាតិមួយរឹងមាំដូចដែកថែប រវាងប្រជាជននិងប្រជាជន ប្រជាជននិងរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ព និងលើសពីនេះការលើកកម្ពស់ផលិតផលខ្មែរ បានក្លាយជា ការងារដែលកាន់តែមានន័យជាងមុន ព្រោះវាជាការបង្ហាញពីសមត្ថភាពក្នុងការបង្កើតតម្លៃសេដ្ឋកិច្ចដោយខ្លួនឯង និងការការពារអធិបតេយ្យភាពសេដ្ឋកិច្ចក្នុងពេលមានភាពមិនច្បាស់លាស់នៅក្នុងតំបន់។

ដើម្បីជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រៀបចំទិវាជាតិ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលក្នុងឆ្នាំ២០២៦ នេះ គឺជាទិវាជាតិលើក កម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន»។

សម្តេចបវរធិបតី បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរ ឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនកាន់តែមានគុណភាព សោភ័ណភាព តម្លៃសមស្រប សម្បូរបែប កាន់តែមានទំនុកចិត្ត ពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ៕