ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងដ៏រឹងមាំសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា វាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FAS MEC) ដែលបានដើរតួនាទីយ៉ាងសំខាន់ បង្កើនការផលិតក្នុងស្រុក ទាំងបរិមាណ និងគុណភាព ជំនួសឱ្យការនាំចូលពីបរ ទេស ធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុក ក្រោមទិសស្លោក “ខ្មែរធ្វើបាន” “ខ្មែរជួយខ្មែរ” និង “ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ស្របពេលដែលរាជរាជរដ្ឋាភិបាល ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ នៅថ្ងៃទី៩ ខែមេសា ខាងមុខនេះ។

សម្តេច បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម គឺជា “ឆ្អឹងខ្នងដ៏រឹងមាំ” ដែលទ្រទ្រង់នូវរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។ វត្តមានសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) មានប្រមាណ ៧៥ម៉ឺនមូលដ្ឋាន ដែលកំពុងផ្តល់ដង្ហើមសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជា ពលរដ្ឋជិត ៣លាននាក់ ដែលនេះគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចមិនអាចខ្វះបាន។ អ្វីដែលជាមោទនភាពបំផុតនោះ គឺការឃើញឧស្សាហកម្មរបស់យើងកំពុងធ្វើបរិវត្តកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា ដែលនេះជាមាគ៌ាដ៏ត្រឹម ត្រូវបំផុតសម្រាប់ចីរភាពនៃសេដ្ឋកិច្ចជាតិក្នុងយុគសម័យឌីជីថល។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសហគ្រាសធុនតូច និងមធ្យម។

សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្តដល់សម្ពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឱ្យបន្តដើរតួជាក្បាលម៉ាស៊ីនក្នុងការរុញច្រានការបណ្តុះ បណ្តាលផ្នែកនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។  សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មិនត្រឹម តែជាអ្នកការពារផលប្រយោជន៍សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា “អ្នកលើកកម្ពស់មោទនភាពផលិតផលខ្មែរ” លើឆាកអន្តរជាតិ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវបន្ត ពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ឧកញ៉ា តែ តាំងប៉ បានគោរពថ្លែង អំណរនគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រ ធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានជួបសម្តែងការគួរសម ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជូនសម្តេចនៅក្នុងឱ កាសនេះថែមទៀតផង។

សម្តេចប្រធានរដ្ឋសភាបានអនុញ្ញាតជូន ឧកញ៉ា តែ តាំងប៉ និងសហការី ធ្វើការបន្តជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃស ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរិះរកមធ្យោបាយបន្ថែមទៀត ក្នុងការលើក កម្ពស់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើនឡើង។

សូមជម្រាបថា ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិត ផលខ្មែរ នៅថ្ងៃទី៩ ខែមេសា។ ឆ្នាំ២០២៦នេះ ជាខួបលើកទី៩ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរផលិត ខ្មែរប្រើ ប្រាស់ ខ្មែររីកចម្រើន”។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលប្រទេសជាតិជួបការលំបាក ពីសង្គ្រាមឈ្លានពានរបស់បរទេស ក៏ដូចជាការផ្ទុះសង្គ្រាមនៅគ្រប់ជ្រុងនៃពិភពលោកដូចពេលបច្ចុប្បន្ននេះ បង្កើតវិបត្តិកាន់តែច្រើនឡើង ជាពិសេសវិបត្តិថាមពល ដែលជាវិបត្តិមួយដ៏ធ្ងន់ធ្ងរសម្រាប់សកលលោកទាំងមូល។ ទំាងអស់នេះជាឧបសគ្គដ៏ធំមួយដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម ផងដែរ។ ប៉ុន្តែឆ្លងកាត់ការលំបាកនេះ យើងត្រូវចេះប្រើប្រាស់ឱកាសនេះ ជាការពង្រឹងការផលិត បង្កើនសន្តិសុខសេដ្ឋ កិច្ចរបស់ជាតិឱ្យខ្លាំង និងធន់៕

អត្ថបទ៖ វង សុភ័ក្ត្រ