លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ណែនាំដល់អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្ត ត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធនៅទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ថ្មីស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយការទទួលខុសត្រូវ ដើម្បីជំរុញការបោសសម្អាតអំពើល្មើសឆបោកអនឡាញនេះ ឱ្យអស់ពីកម្ពុជា និងចូលរួមធានាថា មិនឱ្យឧក្រិដ្ឋកម្មឆ្លងដែននេះ វិលត្រលប់មកកម្ពុជាវិញឡើយ។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានលេីកឡេីងដូចនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីកាគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមផ្ទាល់ពីតំណាងក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្រុមការងារនៃលេខាធិការដ្ឋាន គ.ប.ឆ.ប. និងការចូលរួមតាមប្រព័ន្ធZoom ពីសំណាក់គណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ៤០០ នាក់។ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលនេះ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ថ្មីនេះ ដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំង២៥ សម្រាប់សម្រួលដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ក៏បានជំរុញ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រៅពីខ្លឹមសារផ្សព្វផ្សាយទទួលបានពីកិច្ចប្រជុំ ឱ្យបន្តស្វែងយល់ពីខ្លឹមសារច្បាប់ថ្មីនេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាការអនុវត្តពេញលេញ ចំគោលដៅឱ្យទទួលបានផលជាផ្លែផ្កា សំដៅបង្រ្កាប និងបោសសម្អាតការឆបោកអនឡាញនេះ ឱ្យអស់ពីមូលដ្ឋានរាជធានី-ខេត្ត របស់ខ្លួន។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត រួមមាន ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣. បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
លោកថា បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ថាការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ដ៏សំខាន់ ដែលប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ត្រូវអនុវត្តដោយម៉ឺងម៉ាត់ ហ្មត់ចត់ និងតម្លាភាព ដោយមិនត្រូវមានការយោគយល់ដាច់ខាត។
នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការជិតស្និទ្ធជាមួយកម្លាំងនគរបាលយុត្តិធម៌ និងអង្គភាពជំនាញបច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ ជាងនេះទៀត មន្ត្រីអនុវត្តច្បាប់ត្រូវស្វែងយល់ពីល្បិចកលថ្មីៗ និងក្តាប់ឱ្យជាប់នូវបច្ចេកទេសដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ ដូចជាការប្រើប្រាស់ AI ការឆបោកតាមរយៈតេឡេក្រាម ឬការបង្កើតទម្រង់វិនិយោគក្លែងក្លាយនានាផ្សេងទៀត។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយសារការល្បិចលួងលោម ឆបោកតាមបច្ចេកវិទ្យា និងតាមបណ្តាញសង្គម។អាជ្ញាធរមូលដ្ឋានត្រូវរៀបចំការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើមធ្យោបាយឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចបោកបញ្ឆោត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងប៉ះពាល់ដល់សន្តិសុខសង្គម។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការរៀបចំឱ្យមានច្បាប់នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុត និងឥតដកថយរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕