ឆេះទីតាំងស្តុក និងបញ្ចូលហ្គាសដ៏ធំមួយ នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង បណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ
ភ្នំពេញ៖ មានករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់មួយកន្លែង ដែលមានស្លាកយីហោរ “សុង ហេង ហ្គាស់ “ បានរាលដាលដល់ផ្ទះជាប់នោះ៣ខ្នងស្ទើរទាំងស្រុងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឮសម្លេងទុស្សេចរន្តអគ្គិសនី ចេញពីទីតាំងបញ្ចូលហ្គាស់ខាងលើ បន្ទាប់មកក៏ចាប់ផ្តើមមានសម្លេងផ្ទុះកំពុងហ្គាស់ជាបន្តបន្ទាប់។ ភ្លាមៗនោះអ្នកភូមិ បាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្នើសុំរថយន្តពន្លត់អគ្គិភ័យ។
គួរបញ្ជាក់ថា ករណីអគ្គិភ័យនេះ បានឆាប់ឆេះទីតាំងហ្គាស់ រួចបន្តរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជាប់នោះចំនួន៣ខ្នងថែមទៀត ស្ទើរទាំងស្រុង តែមិនបង្កឲ្យមានមនុស្សរងរបួស។ ក្រោយកេីតហេតុមន្ត្រីជំនាញបានបន្តធ្វើការអន្តរាគមន៍បាញ់ពន្លត់ ដោយសារទីតាំងហ្គាស់ខាងលើ មានធុងហ្គាស់ជាច្រើន មានទាំងស៉ីទែនហ្គាស់ដ៏ធំមួយទៀតនៅខាងក្នុង។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ទោះជាយ៉ាងណាមន្ត្រីជំនាញនៅតែខិតខំអន្តរាគមន៍ដើម្បីទប់ស្កាត់ការរាលដាលទៅកាន់ទីតាំងដទៃទៀត ធ្វើយ៉ាងណាការពារសុវត្ថិភាពប្រជាពលរដ្ឋ មិនឧ្យមានរបួស។
ទាក់ទងនឹងករណីអគ្គិភ័យនេះ ពលរដ្ឋរស់នៅជាប់ទីតាំងហ្គាស់ខាងលើ បាឱ្យដឹងថា ពួកគាត់បានស្នើសុំអជ្ញាធរជួយពិនិត្យ និងណែនាំម្ចាស់ទីតាំងជាច្រើនលើកច្រើនសារហើយ ចំពោះការស្តុកធុងហ្គាស់ដែលមានទំហំធំតូចជាច្រើន រហូតដល់ក្រោយផ្ទះរបស់ពួកគាត់។ ពលរដ្ឋរស់នៅជាប់នោះ តែងតែព្រួយបារម្ភ និងគេងពុំសូវបាន ព្រោះខ្លាចមានថ្ងៃនេះ ទីបំផុតហេតុការណ៍នេះបានកើតឡើងពិតមែន ធ្វើឱ្យពួកគាត់បាត់បង់ទំនុកចិត្តលើអាជ្ញាធរក្នុងតំបន់ជាខ្លាំង៕
ដោយ៖ រដ្ឋ រង្សី