ឯកឧត្តមបណ្ឌិត គុណ ញឹម និងអ្នកឧកញ៉ា គិត ម៉េង ដឹកនាំកិច្ចប្រជុំយន្តការភាពជាដៃគូគយផ្នែកឯកជនលើកទី១០ ដើម្បីកែសម្រួលអត្រាពន្ធគយលើមុខទំនិញមួយចំនួន ខណៈប្រេងឥន្ធនៈឡើងថ្លៃជាសកល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ .ជ) និងជាសហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំយន្តការភាពជាដៃគូគយផ្នែកឯកជនលើកទី១០ ដើម្បីកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួនសម្រាប់ឆ្នាំ២០២៦ ជាពិសេសទៅលើប្រេងឥន្ធនៈ, ឧបករណ៍អគ្គិសនី និងបង្ក្រាបអំពើរត់គេចពន្ធផងដែរ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងវិស័យឯកជន ថ្នាក់ដឹកនាំ និងមន្ត្រីជាច្រើននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានពិភាក្សាលើបញ្ហាសំខាន់ៗចំនួន ១០ ដែលវិស័យឯកជនកំពុងប្រឈម ដើម្បីស្នើសុំការលើកលែង និងកែសម្រួលបន្ទុកពន្ធ ក្នុងបរិបទដែលថ្លៃប្រេងបន្តកើនឡើង ប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម និងដឹកជញ្ជូន។
ក្នុងកិច្ចប្រជុំ ក៏មានបទបង្ហាញអំពីការកែសម្រួលអត្រាពន្ធ និងអាករសម្រាប់ឆ្នាំ២០២៦ លើមុខទំនិញជាង ២០០មុខ រួមទាំងវិធានការបន្ធូរបន្ថយបន្ទុកពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT) លើផលិតផលជាក់លាក់ ព្រមទាំងការពង្រឹងវិធានការបង្ក្រាបអំពើរត់គេចពន្ធ និងការកែលម្អអភិបាលកិច្ចក្នុងវិស័យគយ។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានទទួលស្គាល់ថា ចាប់តាំងពីត្រូវបានបង្កើតជាផ្លូវការនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០មក យន្តការភាពជាដៃគូគយ-ផ្នែកឯកជន (CPPM) បានដំណើរការដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា ការដាក់ឱ្យអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដែលទទួលការអនុញ្ញាត (AEO), ការអនុវត្តនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-Arrival Processing), ការជំរុញបញ្ចប់ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣, ការឈានទៅធ្វើស្វ័យប្រវត្តិកម្មពេញលេញនូវនីតិវិធីប្រតិវេទន៍គយ ដោយលើកលែងស្ទើរតែទាំងស្រុងនូវតម្រូវការឯកសារក្នុងទម្រង់ក្រដាស ជាដើម។ ជាការពិតណាស់ សមិទ្ធផលទាំងនេះសម្រេចបានដោយមានការចូលរួម ដែលមិនអាចខ្វះបានពីផ្នែកឯកជន តាមរយៈការផ្តល់ធាតុចូល ការផ្តល់យោបល់ និងការលើកសំណើកែលម្អនានា ដើម្បីឱ្យការដាក់ចេញនូវនីតិវិធីសម្រួលពាណិជ្ជកម្មទាំងនេះមានភាពចំទិសដៅ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងពេលដ៏សមស្របបំផុត ពោលគឺក្នុងស្ថានភាពសេដ្ឋកិច្ច-សង្គម ដែលយើងកំពុងជួបប្រទះនូវបញ្ហាប្រឈមធំៗមួយចំនួន ដូចជាការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ រួមផ្សំនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលបង្កើតសម្ពាធអតិផរណាលើទំនិញ និងការដឹកជញ្ជូន; ការវិលត្រឡប់មកវិញនៃកម្មករខ្មែរពីប្រទេសថៃ; ការអនុវត្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមិនប្រាកដប្រជានៃទីផ្សារនាំចេញ ជាដើម។
ឯកឧត្តមបណ្ឌិត បន្តថា ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបមួយចំនួន ដែលក្នុងនោះក៏មានវិធានការដែលអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផងដែរ។
ឯកឧត្តមបណ្ឌិត គុណ ញឹម សង្ឃឹមថា កិច្ចប្រជុំនេះ នឹងអាចស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ឈ្នះ-ឈ្នះ” និងវប្បធម៌នៃការយោគយល់គ្នា ដើម្បីលើកកម្ពស់អនុលោមភាព កែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងធ្វើឱ្យកិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករជាមួយផ្នែកឯកជន កាន់តែមានភាពជិតស្និទ្ធថែមទៀត។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការបញ្ចុះអត្រាពន្ធគយពី ៧% មក ០% លើឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា, បញ្ចុះអត្រាពន្ធគយពី ១៥% មក ០% លើប្រព័ន្ធថាមពលសូឡា, ចង្រ្កានកម្តៅអគ្គិសនី និងកំសៀវអគ្គិសនី, ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, អាគុយលីចូម, រថយន្តដឹកជញ្ជូនប្រភេទ PHEV, HEV និង EV។ ដោយឡែក បញ្ចុះអត្រាពន្ធគយពី ៣៥% មក ៧% លើរថយន្តគ្រួសារប្រភេទ PHEV, រថយន្តគ្រួសារប្រភេទ EV និងព្រមទាំងបញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត។ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចចាត់ជាបន្ទុករបស់រដ្ឋ ចំពោះអាករលើតម្លៃបន្ថែម (VAT) ១០% នៃការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និង ឧស្ម័ន LPG ដើម្បីសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត