ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មមួយនៅហ្គាណា បញ្ចេញរ៉ូបូតអគ្គិសនីដែលមិនប៉ះពាល់បរិស្ថាន សម្រាប់ជួយការងារកសិកម្ម កាត់បន្ថយថ្លៃដើម និងបង្កើនទិន្នផល

image


ហ្គាណា៖ ក្រុមហ៊ុន ស្រ៊ីហ្វាម៉េត (3Farmate) ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មក្នុងស្រុកមួយនៅប្រទេសហ្គាណា បានសម្រេចជោគជ័យក្នុងការផលិតរ៉ូបូតឆ្លាតវៃដំបូងគេបង្អស់ឈ្មោះថា ហ្វាម៉ា (FAMA ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជួយក្នុងការងារកសិកម្ម។ រ៉ូបូតនេះ គឺជាសមិទ្ធផលដែលរចនា និងតម្លើងទាំងស្រុងនៅហ្គាណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនើបកម្មក្នុងវិស័យកសិកម្ម និងបង្កើនផលិតភាពឱ្យបានខ្ពស់ជាងមុន ។


ការច្នៃប្រឌិតនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់និស្សិតចំនួន២រូប ឈ្មោះ គ្លីនតុន អាណានី (Clinton Anani) និង អេលីស្យា អូឃខូភួឡូ (Elijah Ocupualor) ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្វាម៉េអ៊ិន គ្រូម៉ា (Kwame Nkrumah) ហៅកាត់ថា KNUST ។


FAMA ត្រូវបានគម្រោង និងដំណើរការបង្កើតក្នុងឆ្នាំ ២០២១ ដោយនិស្សិតទាំងពីររូប បានចាប់ផ្ដើមគម្រោងនេះតាំងពីនៅក្នុងអន្តេវាសិកដ្ឋានរបស់សកលវិទ្យាល័យមកម៉្លេះ។ រ៉ូបូត FAMA ត្រូវបានរចនាឡើងយ៉ាងពិសេសឱ្យមានសមត្ថភាពបំពេញការងារបានគ្រប់ស្ថានភាពដី និងគ្រប់អាកាសធាតុ ទោះបីជាស្ថិតក្នុងតំបន់ដាច់ស្រយាលដែលគ្មានប្រព័ន្ធ GPS ឬតំបន់ដែលមានធូលី និងអ័ព្ទក្រាស់ក៏ដោយ ។


លក្ខណៈពិសេសរបស់រ៉ូបូតនេះ គឺជារ៉ូបូតទម្ងន់ស្រាល ដើរដោយថាមពលអគ្គិសនីទាំងស្រុង និងមិនបញ្ចេញផ្សែងពុលឡើយ ដោយវាមានភាពជាក់លាក់ខ្ពស់ក្នុងការដាំគ្រាប់ពូជ បាចជី ក៏ដូចជាបាញ់ថ្នាំសម្លាប់ស្មៅ។ ជាមួយនឹងសមត្ថភាពដាំដុះបានរហូតដល់ជាង ១០ ហិកតាក្នុងមួយថ្ងៃ វានឹងក្លាយជាជំនួយការដ៏សំខាន់សម្រាប់កសិករ ក្នុងការកាត់បន្ថយការចំណាយលើកម្លាំងពលកម្ម និងពេលវេលាបានយ៉ាងច្រើនមហាសាល ។


រដ្ឋាភិបាលហ្គាណា បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបច្ចេកវិទ្យានេះ ដោយចាត់ទុកថាជាជំហានដ៏អស្ចារ្យមួយសម្រាប់សេដ្ឋកិច្ចជាតិ។ បន្ថែមពីលើការជួយកសិករ យុវជនដែលបង្កើតរ៉ូបូតនេះ បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះមិនមែនមកដណ្តើមការងារមនុស្សឡើយ ប៉ុន្តែវានឹងបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ក្នុងផ្នែកបច្ចេកទេស និងការគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្តិ ។


គេរំពឹងថា ការដាក់ឱ្យដំណើរការរ៉ូបូត FAMA នឹងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្មហ្គាណា ដែលបច្ចុប្បន្នកំពុងជួបបញ្ហាខ្វះខាតកម្លាំងពលកម្ម និងការចំណាយប្រតិបត្តិការខ្ពស់។ តាមរយៈការប្រើប្រាស់គ្រឿងចក្រឆ្លាតវៃនេះ ហ្គាណានឹងអាចពង្រឹងសន្តិសុខស្បៀងរបស់ខ្លួន និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារកសិកម្មក្នុងតំបន់ និងពិភពលោក ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video.