ព័ត៌មានអន្តរជាតិ

ចិន ដំឡើងភ្លើងឡាស៊ែរនៅតាមផ្លូវហាយវេក្នុងក្រុង Jinan ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារតែការងងុយពេលបើកបរ

image


ចិន៖ អាជ្ញាធរចិន បានដាក់ឱ្យដំណើរការនូវប្រព័ន្ធភ្លើងឡាស៊ែរចម្រុះពណ៌ នៅតាមបណ្ដោយផ្លូវហាយវេក្នុងទីក្រុង ជីណាន (Jinan) ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារតែការងងុយដេកពេលបើកបរយប់ជ្រៅ។ ពន្លឺឡាស៊ែរទាំងនោះ នឹងបាញ់ជះលើអាកាសស្របតាមទិសដៅរថយន្ត ដែលបង្កើតបានជាទិដ្ឋភាពប្លែកភ្នែក និងជួយដាស់ស្មារតីអ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ។


អ្នកបើកបរជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់តំបន់នោះ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតនេះ។ ពួកគេកត់សម្គាល់ថា ការបើកបរលើផ្លូវវែងឆ្ងាយក្នុងភាពងងឹត ងាយនឹងធ្វើឱ្យពួកគេមានអារម្មណ៍នឿយហត់ និងងងុយគេង ប៉ុន្តែវត្តមាននៃពន្លឺឡាស៊ែរចម្រុះពណ៌នេះ បានជួយឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ និងស្វាងពីការងងុយគេងភ្លាមៗតែម្ដង ។


វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាហានិភ័យដ៏ធំសម្រាប់សុវត្ថិភាពផ្លូវថ្នល់។ ក្រៅពីការរចនាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គេក៏មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗផ្សេងទៀត ដូចជាប្រព័ន្ធព្រមាននៅក្នុងរថយន្ត ដើម្បីធានាថាអ្នកបើកបរមិនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ក្នុងអំឡុងកំពុងបើកបរ ។


ទោះជាទទួលបានការសរសើរពីអ្នកបើកបរមួយចំនួនក៏ដោយ ក៏អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍មួយចំនួននៅតែបង្ហាញក្ដីព្រួយបារម្ភ និងចង់ឃើញការសិក្សាបន្ថែម។ ពួកគេបារម្ភថា ពន្លឺដែលភ្លឺចាំងខ្លាំងពេក អាចនឹងក្លាយជាការរំខានដល់ការផ្ដោតអារម្មណ៍របស់អ្នកបើកបរទៅវិញ ប្រសិនបើការរៀបចំមិនបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ដែលនេះតម្រូវឱ្យមានការតាមដាន និងវាយតម្លៃឱ្យបានហ្មត់ចត់ជាទីបំផុត ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY