ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសពីយុគសម័យមាសនៃមជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់យល់ព្រមបទឈប់បាញ់ ដោយត្រៀមជួយអ៊ីរ៉ង់ កសាងប្រទេសឡើងវិញ

image

សហរដ្ឋអាម៉េរិក៖ តាមរយៈសារនៅលើបណ្ដាញសង្គម ទ្រូស សូសល់ (Truth Social) ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្តែងនូវភាពរំភើបរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃសន្តិភាពពិភពលោក ដោយលោកបានកត់សម្គាល់ថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចប់ជម្លោះ បន្ទាប់ពីឆ្លងកាត់ការលំបាកអស់រយៈពេលជាយូរ។ លោកជឿជាក់ថា មិនត្រឹមតែអ៊ីរ៉ង់នោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏មានអារម្មណ៍ឆ្អែតឆ្អន់នឹងសង្គ្រាម និងចង់ឃើញការផ្លាស់ប្តូរជាវិជ្ជមានកើតឡើងផងដែរ ។

ចំណុចសំខាន់បំផុតមួយនៅក្នុងសារនេះ គឺការបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងចូលខ្លួនទៅជួយដោះស្រាយបញ្ហាកកស្ទះការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។ លោក ត្រាំ រំពឹងថាការបើកច្រកសមុទ្រនេះឡើងវិញ នឹងនាំមកនូវឱកាសសេដ្ឋកិច្ចដ៏ធំធេង និងការរកចំណូលបានយ៉ាងច្រើនសម្រាប់ភាគីពាក់ព័ន្ធ ដែលជាសញ្ញានៃការស្ដារឡើងវិញនូវពាណិជ្ជកម្មសកល ។

លោកប្រធានាធិបតី ក៏បានលើកទឹកចិត្តឱ្យប្រទេសអ៊ីរ៉ង់ ចាប់ផ្ដើមដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិឡើងវិញ ហើយលោកសន្យាថា អាម៉េរិកនឹងជួយផ្ដល់នូវសម្ភារផ្គត់ផ្គង់គ្រប់បែបយ៉ាងដែលចាំបាច់។ លោកសង្កត់ធ្ងន់ថា កងកម្លាំងអាម៉េរិកនឹងនៅតាមដានស្ថានភាព «នៅក្បែរៗនោះ» ក្នុងន័យការពារ និងធានាឱ្យបាននូវស្ថិរភាព ដើម្បីឱ្យដំណើរការសន្តិភាពនេះប្រព្រឹត្តទៅដោយគ្មានភាពរអាក់រអួល ។

លោក ត្រាំ បានបង្ហាញនូវចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ ដោយចាត់ទុកថាព្រឹត្តិការណ៍នេះ គឺជាការចាប់ផ្ដើមនៃ «យុគសម័យមាសនៃមជ្ឈិមបូព៌ា»។ លោកមានទំនុកចិត្តយ៉ាងមុតមាំថា ប្រសិនបើគ្រប់យ៉ាងដំណើរការទៅតាមផែនការ តំបន់ដែលធ្លាប់តែមានជម្លោះមួយនេះ នឹងប្រែមុខមាត់ថ្មីទៅជាតំបន់ដែលមានការរីកចម្រើន និងសន្តិភាពយូរអង្វែង ដូចអ្វីដែលលោកកំពុងខិតខំធ្វើនៅក្នុងប្រទេសអាម៉េរិកដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Truth Social