ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរពីបេសកម្មរបស់ឯកអគ្គរដ្ឋទូត​តួគីទើបផុតអាណត្ដិ​ដែលសម្រេចបានសមិទ្ធិផលជាច្រើន សម្រាប់ទំនាក់ទំនងរវាងកម្ពុជា-តួគី

image

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា​ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។


យោងតាម​លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះលោកស្រីក្នុងរយៈពេលនៃបេសកកម្មជាឯកអគ្គរដ្ឋទូតគឺលោកស្រីសម្រេចបានសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងតួកគីដែលមកដល់ពីនេះប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អនិងរីកចម្រើនជាបន្តបន្ទាប់។


នៅក្នុងឱកាសនោះលោកស្រី Ülkü Kocaefe បានរាយការណ៍នូវការងាររបស់លោកស្រីនៅពេលកន្លង ជូនចំពោះសម្ដេចតេជោ ដោយបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកស្រីសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជាបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី ឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។

លោកស្រីបានសម្ដែងនូវការជាប់ចិត្តរបស់លោកស្រីចំពោះប្រជាជនកម្ពុជា ជាពិសេសគឺស្នាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។


លោកស្រីក៏បានលើកឡើងថា បើទោះបីជាពេលនេះលោកស្រីផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជា។


សម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រីចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។

សម្ដេចក៏សរសើរតាមរយៈដែលលោកស្រីបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្ម វប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។


ជាមួយគ្នានេះផងដែរ សម្ដេចតេជោក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹក របស់កម្ពុជា នៅក្នុងបញ្ហាព្រំដែន កម្ពុជា-ថៃ។ សម្ដេចតេជោក៏ឆ្លៀតពន្យល់អំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលលោកស្រីបានជ្រាបផងដែរជាពិសេសគឺជំហររបស់កម្ពុជា ក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដោយទាក់ទងទៅនឹងមិត្តភាពរវាងកម្ពុជា និងតួកគីដែលក្នុងនោះសម្ដេចតេជោបានរំលឹកដល់នូវពាក្យដ៏មានអត្ថន័យរបស់លោកស្រីថាលោកស្រីនឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិតនោះ។


សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកស្រីទោះបីជាលោកស្រីបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា៕


អត្ថបទ​៖​ ឈឹម​ ធីតា​
រូបភាព​៖​ ង៉ាន់​ សំណាង​, ប៉ក់​ សុឃីម​