ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឆៅដាំក្បាលចុះ ខណៈទីផ្សារភាគហ៊ុនហក់ឡើងខ្ពស់ ក្រោយអាម៉េរិក និងអ៊ីរ៉ង់ព្រមព្រៀងបទឈប់បាញ់ ២សប្ដាហ៍

image



ហុងកុង៖ ទីផ្សារហិរញ្ញវត្ថុពិភពលោក បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្តាហ៍។ ការសម្រេចចិត្តនេះ កើតឡើងនៅនាទីចុងក្រោយ មុនឱសានវាទនៃការវាយប្រហារទ្រង់ទ្រាយធំរបស់លោក ដូណាល់ ត្រាំ ឈានមកដល់ ជាថ្នូរនឹងការដែលអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ឡើងវិញជាបន្ទាន់។

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះយ៉ាងគំហុកនៅចន្លោះពី ១៦% ទៅ ២០% ភ្លាមៗក្រោយការប្រកាសនេះ។ ការធ្លាក់ថ្លៃនេះ បានផ្ដល់ដង្ហើមដកដល់សេដ្ឋកិច្ចសកល បន្ទាប់ពីការផ្គត់ផ្គង់ប្រេងត្រូវបានរាំងស្ទះអស់រយៈពេលជាង ៥ សប្តាហ៍ដោយសារតែភ្លើងសង្គ្រាម ដែលធ្លាប់បានរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់កប់ពពក ។

ទីផ្សារភាគហ៊ុនសំខាន់ៗនៅទូទាំងតំបន់អាស៊ី រួមមានកូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ និងហុងកុង បានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាននៅក្នុងពេលដ៏ខ្លី។ អ្នកវិនិយោគបានបង្ហាញក្ដីសង្ឃឹមថា បទឈប់បាញ់នេះនឹងក្លាយជាចំណុចចាប់ផ្ដើមនៃការបញ្ចប់វិបត្តិសេដ្ឋកិច្ច និងនយោបាយ ដែលបានយាយីស្ថិរភាពពិភពលោកអស់រយៈពេលជាងមួយខែកន្លងមកនេះ។

ទោះបីជាមានសញ្ញាសន្តិភាពក៏ដោយ ក៏នៅតែមានភាពមិនច្បាស់លាស់មួយចំនួនកើតឡើង ខណៈអ៊ីស្រាអ៊ែលបញ្ជាក់ថា ខ្លួនគាំទ្របទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែមិនរាប់បញ្ចូលប្រតិបត្តិការយោធានៅលីបង់ឡើយ។ ទន្ទឹមនឹងនោះ ភាគីអ៊ីរ៉ង់បានប្រកាសពីជ័យជម្នះរបស់ខ្លួន ដោយអះអាងថា អាម៉េរិកបានទទួលបរាជ័យ និងបង្ខំចិត្តទទួលយកលក្ខខណ្ឌចរចា ។

បទឈប់បាញ់នេះក៏បានជះឥទ្ធិពលដល់ទីផ្សាររូបិយបណ្ណផងដែរ ដោយធ្វើឱ្យប្រាក់ដុល្លារអាម៉េរិកធ្លាក់ថ្លៃវិញ បន្ទាប់ពីបានឡើងថ្លៃខ្លាំងក្នុងអំឡុងសង្គ្រាម។ ផ្ទុយទៅវិញ រូបិយបណ្ណផ្សេងៗទៀត​ ដូចជាប្រាក់យ៉េន និងអឺរ៉ូ រួមទាំងប្រាក់ឌីជីថលដូចជា Bitcoin ក៏បានបង្ហាញសញ្ញាកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។

អ្នកវិភាគសេដ្ឋកិច្ច​ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះគឺជា «ការរំដោះខ្លួនចេញពីឧបសគ្គ» សម្រាប់បណ្ដាប្រទេសនៅអាស៊ី ដែលកំពុងប្រឈមនឹងបញ្ហាអតិផរណា និងតម្លៃទំនិញឡើងថ្លៃ។ ការធ្លាក់ចុះនៃតម្លៃប្រេងនឹងជួយកាត់បន្ថយសម្ពាធលើការចំណាយរបស់រដ្ឋាភិបាល និងជួយឱ្យចរន្តទុនវិលត្រឡប់មករកការវិនិយោគដែលមានហានិភ័យខ្ពស់សារជាថ្មី ៕

ប្រែសម្រួល៖​ ឡេង​ លាងហេង
ប្រភព៖​ Reuters via CNA | រូបភាព៖ (Reuters/Eli Hartman)/ (Costfoto/NurPhoto via Getty Images)/ BBC News