អ្នកឧកញ៉ា គិត ម៉េង ជួបពិភាក្សាជាមួយកម្មវិធីដៃគូកម្ពុជា-អូស្ត្រាលី ដឹកនាំដោយឯកអគ្គរដ្ឋទូតអូស្ត្រាលី ផ្តោតលើការពង្រឹងយន្តការសម្របសម្រួល កិច្ចសន្ទនារវាងរដ្ឋ និងឯកជន និងគាំទ្រការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលដឹកនាំដោយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។
ជំនួបនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រ៉ីជិនស៊ី ដោយមានការចូលរួមផងដែរ ពីសំណាក់ក្រុមលេខាធិការដ្ឋាននៃក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងក្រុមការងារនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
ជំនួបនេះ មានគោលបំណងពិភាក្សាផ្តោតសំខាន់ទៅលើការពង្រឹងយន្តការសម្របសម្រួល,ការពង្រឹងកិច្ចសន្ទនារវាងវិស័យរដ្ឋ និងឯកជន តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការពន្លឿនអាទិភាពកំណែទម្រង់ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។
សូមបញ្ជាក់ថា ភាគីទាំងពីរបានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព នៃការរួមបញ្ចូល យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងការចូលរួមយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ក្នុងការដោះស្រាយបញ្ហាប្រឈម និងឱកាសអាជីវកម្មសំខាន់ៗ៕
អត្ថបទ៖ចេង ឆហួត រូបភាព៖ លឹម មុនី និងអ៊ុន ផាន់ណាត