ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ចេញផ្សាយនូវជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈការចរចាជាផ្លូវការ នឹងធ្វើឡើងនៅប៉ាគីស្ថាន នាថ្ងៃសុក្រនេះ
អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសជាផ្លូវការនូវអ្វីដែលខ្លួនហៅថាជា «ជ័យជម្នះជាប្រវត្តិសាស្ត្រ» លើសហរដ្ឋអាម៉េរិក នៅក្នុងសង្គ្រាមដែលទើបតែផ្ទុះឡើងថ្មីៗនេះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ អ៊ីរ៉ង់បានអះអាងថា ខ្លួនបានបង្ខំឱ្យរដ្ឋបាលលោក ត្រាំ ទទួលយកលក្ខខណ្ឌយុទ្ធសាស្ត្រចំនួន ១០ ចំណុច ដើម្បីដោះដូរនឹងបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ។
ខ្លឹមសារសំខាន់នៃផែនការ ១០ ចំណុចដែលអ៊ីរ៉ង់លើកឡើង រួមមានការយល់ព្រមឱ្យអ៊ីរ៉ង់បន្តគ្រប់គ្រងច្រកសមុទ្រ Hormuz និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លើសពីនេះ អាម៉េរិកត្រូវគេរាយការណ៍ថា បានយល់ព្រមលុបចោលរាល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់, បង់ប្រាក់សំណងចំពោះការខូចខាត និងត្រូវដកកងទ័ពរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាទាំងស្រុង ។
ទោះបីជាមានការព្រមព្រៀងលើបទឈប់បាញ់ក៏ដោយ ក៏ភាគីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួននៅតែមិនទុកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាម៉េរិក។ ការចរចាជាផ្លូវការ នឹងត្រូវធ្វើឡើងនៅទីក្រុង Islamabad ប្រទេសប៉ាគីស្ថាន ចាប់ពីថ្ងៃសុក្រ ទី១០ ខែមេសា តទៅ ដែលមានរយៈពេលកំណត់ពីរសប្តាហ៍ ដើម្បីសម្រេចកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែរយៈពេលនេះអាចនឹងត្រូវបន្ថែមរយៈពេលនៃកិច្ចព្រមព្រៀងតាមការចាំបាច់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Al Jazeera/ Reuters