ព័ត៌មានជាតិ

អាជ្ញាធរ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាតឱ្យមានការលក់ដូរលើចំណីផ្លូវសាធារណៈ និងនៅក្រោមស្ពានមេគង្គក្រចេះ នោះទេ

image

ក្រចេះ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ បានចុះណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ និងអ្នកលក់ដូរលើចំណីផ្លូវសាធារណៈតាមដងផ្លូវលេខ៣៧៧ ក្រចេះ~ឆ្លូង នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក សេក រុន អភិបាលរងស្រុកចិត្របុរីបានឱ្យដឹងថា ក្នុងពេលចុះរៀបចំសណ្តាប់ធ្នាប់នេះ លោកបានផ្សព្វផ្សាយ អប់រំ និងណែនាំដល់អ្នកលក់ដូរលើដីចំណីផ្លូវសាធារណៈ និងអ្នកលក់ដូរក្រោមស្ពានមេគង្គក្រចេះ ត្រូវបញ្ចប់ការលក់នៅក្រោមស្ពាន និងបានធ្វើកិច្ចសន្យាឈប់លក់ដូរលើទីតាំងនេះតទៀត និងត្រូវរើគ្រែ តុ រឺម៉កលក់ដូរឱ្យអស់ត្រឹមព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៦ ជាកំហឹត ។

លោកអភិបាលរង បានបន្តថា ក្នុងនោះ បានធ្វើកិច្ចសន្យា ដល់អ្នកលក់ដូរចំនួន ១១នាក់ ដោយ ៨នាក់ជាអ្នកលក់ដូងក្រោមស្ពាន បានសន្យាឈប់លក់ដូរក្រោមស្ពានតទៀត និង ៣នាក់ ជាអ្នកលក់ដូរលើចំណីផ្លូវសាធារណៈ បានធ្វើកិច្ចសន្យារុះរើឱ្យផុតពីចំណីផ្លូវ ។

ការចុះរៀបសណ្ដាប់ធ្នាប់នេះ ដើម្បីលើកស្ទួយសោភ័ណភាពស្ពាន និងអាចបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ជាពិសេស នៅតំបន់នោះ មានរថយន្តធំៗបត់ចុះឡើង ៕

អត្ថបទ ៖ សារី ណែត