មន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែមមាញឹករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួន សម្រាប់ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”
ភ្នំពេញ៖ គិតមកដល់ថ្ងៃទី៨ ខែមេសានេះ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អង្គភាពជំនាញនានា និងមន្ទីរពាក់ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែមមាញឹករៀបចំតុបតែងលម្អសោភ័ណភាពនៅតាមទីកន្លែងសំខាន់មួយចំនួន ដូចជាមសួនច្បារសាធារណៈ ជាពិសេសនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតាមដងមហាវិថីនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលកាន់តែខិតជិតមកដល់។
ជាមួយគ្នានេះ មន្ត្រីជំនាញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក៏កំពុងរៀបចំតុបតែងលម្អ ពិសេសភូមិវប្បធម៌ ក៏ដូចទីតាំងផ្សេងៗទៀតដែរ។
នៅទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ការកសាងរូបសំណាកសេះពណ៌មាសដ៏អង់អាច អមដោយរូបសំណាកចាប៉ីដងវែងដ៏ធំមួយ ក៏រួចរាល់ ជាមួយការតុបតែងលម្អយ៉ាងស្រស់ស្អាត មានរូបសំណាកទូករាជហង្ស ទូក រទេះសាលី រូបសំណាកមង្កុដយក្ស និងរូបសំណាកជាច្រើនទៀតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ កំពុងលេចរូបរាងជាបណ្តើរៗហើយ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិនាឱកាសឆ្នាំថ្មីនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រូបសំណាកសេះពណ៌មាសដ៏ធំអង់អាចក្លាហានតំណាង ឱ្យឆ្នាំ មមី ធ្វើពីឬស្សី មានកម្ពស់ ៣,៨៩ម៉ែត្រ រចនាក្រោមថ្វីដៃជាងដ៏ចំណាន ត្រូវ បានក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដំឡើងរួចរាល់ នៅលេីបល្ល័ង្កកម្ពស់ ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ ខាងមុខនាឡិកា ធំ នៃរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រង់ចាំទទួល ស្វាគមន៍ពលរដ្ឋ មកទស្សនា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នេះ។
គួរបញ្ជាក់ថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេស បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងជនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ, រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) និងកម្មវិធីអមមាននៅបរិវេណបាសាក់លែនផ្លូវ៣០៨ (Bassac Lane) និងបរិវេណផ្សារទួលទំពូងផ្លូវ១៥៥។
ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ (Walk Street) រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញមកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងខាងលើ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕