រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ ឆ្នាំ២០២៦-២០៣០
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ ឆ្នាំ២០២៦-២០៣០ និងគម្រោងអ៊ីនត្រាណិតតេជោជំហានទី២ ជាផ្លូវការ ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុ។
ពីធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទី៤ និងគម្រោងអ៊ីនត្រាណិតជំហានទី២ ដែលជាជំហានយុទ្ធសាស្ត្រសំខាន់បន្ទាប់ ក្នុងការបន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេស ដើម្បីបង្ហាញពីសមិទ្ធផលធំៗ ដែលសម្រេចបាននៅក្នុងគម្រោងជំហានទី៣ (២០២១-២០២៥) រួមទាំងទិសដៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាគន្លឹះសម្រាប់លើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចថា ការអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏ចាំបាច់ និងមិនអាចខ្វះបាន ដោយបានក្លាយជាត្រីវិស័យដ៏សំខាន់មួយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលមានគោលដៅជាសារវ័ន្ត ក្នុងការកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, គណនេយ្យភាព និងតម្លាភាព ដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការស្របតាមអាទិភាពជាតិផង និងតាមឧត្តមានុវត្តន៍អន្តរជាតិផង។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គម្រោង FMIS ជំហានទី៤ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដែលផ្តោតលើការកសាង “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” និងការពង្រឹងការគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល។ គម្រោងនេះនឹងបន្តអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុ និងលើកកម្ពស់សមត្ថភាពអ្នកប្រើប្រាស់ប្រព័ន្ធតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យធំ (Big Data)។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា សមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគម្រោង FMIS ក្នុងជំហានកន្លងមក បានកើតចេញពីការចាក់គ្រឹះដ៏រឹងមាំ តាំងពីការអនុវត្តនៅជំហានទី១ និងជំហានទី២ គួបផ្សំនឹងការខិតខំប្រឹងប្រែង ស្របតាមការគិតគូរយ៉ាងម៉ឹងម៉ាត់ បានសម្រេចលទ្ធផលដ៏ធំធេងជាច្រើន ជាពិសេស ល្បឿននៃការទូទាត់ចំណាយថវិកាជាមធ្យមត្រូវបានដំណើរការរហ័សជាងមុនយ៉ាងខ្លាំង តាមរយៈការអនុវត្តនីតិវិធីចំណាយថវិកាចរន្តតាម FMIS ទាំងស្រុង ដែលកាន់តែធានាបាននូវតម្លភាព គណនេយ្យភាព ប្រសិទ្ធភាព និងអភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋកាន់តែមានគុណភាព និងឆាប់រហ័ស។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា សមិទ្ធផលទាំងនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកាដែលមានស្តង់ដាអន្តរជាតិ និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតដែលកំពុងគាំទ្រដល់ការប្រើប្រាស់ FMIS និងការពង្រីកសេវាឌីជីថលនានារបស់ក្រសួងនោះគឺ បណ្តាញ “អ៊ីនត្រាណិតតេជោ ជំហានទី១” ដោយបានតភ្ជាប់ទៅ “១៧៧ ការដ្ឋាន” នៅទូទាំងប្រទេស។ បណ្តាញបានក្លាយជាគ្រឹះហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ សម្រាប់ការផ្តល់សេវាសាធាណៈ និងការតភ្ជាប់ទិន្នន័យរដ្ឋាភិបាលដោយមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ចេង ឆហួត