ព័ត៌មានអន្តរជាតិ

សមាជិកសភាអាម៉េរិក ដាក់ញត្តិប្ដឹងដកតំណែង លោកត្រាំ ព្រោះតែបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ

image

សហរដ្ឋអាម៉េរិក៖ សមាជិកសភាអាម៉េរិក លោក ចន ឡាសុន (John Larson) បានប្រកាសដាក់ញត្តិជាផ្លូវការ កាលពីថ្ងៃអង្គារ ដើម្បីប្តឹងដកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងលើការដឹកនាំរបស់លោក ក្នុងអំឡុងមានជម្លោះជាមួយប្រទេសអ៊ីរ៉ង់។ លោក Larson បានចោទប្រកាន់ថា លោក ត្រាំ កំពុងបង្ហាញនូវចរិតលក្ខណៈដែលកាន់តែមិនអាចគ្រប់គ្រងបាន និងកំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ។

មូលហេតុចម្បងដែលនាំឱ្យមានការដាក់ញត្តិនេះ ក៏ព្រោះតែមើលឃើញថា លោក ត្រាំ មិនមានសមត្ថភាព ឬមិនមានឆន្ទៈក្នុងការបំពេញតួនាទីជាប្រធានាធិបតីឱ្យបានត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញឡើយ។សមាជិកសភាបក្សប្រជាធិបតេយ្យ បានហៅការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់នាពេលកន្លងមកថាជា «សង្គ្រាមខុសច្បាប់» ដែលនាំឱ្យសន្តិសុខជាតិស្ថិតក្នុងភាពគ្រោះថ្នាក់ និងអាចឈានទៅរកការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទៀតផង ។

ក្រៅពីការប្ដឹងដកតំណែង បក្សប្រឆាំងក៏បានជំរុញឱ្យមានការប្រើប្រាស់ច្បាប់វិសោធនកម្មទី២៥ មាត្រាទី ៤ ដែលអនុញ្ញាតឱ្យអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើន រួមគ្នាសម្រេចដកអំណាចពីប្រធានាធិបតី ប្រសិនបើរកឃើញថាបុគ្គលនោះមិនមានកាយសម្បទា ឬសតិសម្បជញ្ញៈគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស។ ប្រសិនបើវិធានការនេះជោគជ័យ អនុប្រធានាធិបតីនឹងក្លាយជាប្រធានាធិបតីស្ដីទីភ្លាមៗ ។

ទោះបីជាបច្ចុប្បន្ន លោក ត្រាំ បានប្រកាសផ្អាកការវាយប្រហារលើអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍ដើម្បីបើកផ្លូវឱ្យមានការចរចាក៏ដោយ ក៏សម្ពាធនយោបាយក្នុងស្រុកនៅតែបន្តកើនឡើង។ សមាជិកសភាជាច្រើននៅតែប្រកាន់ជំហរថា លោក ត្រាំ មិនស័ក្តិសមក្នុងការបន្តកាន់តំណែងឡើយ ហើយការប៉ុនប៉ងដកតំណែងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារប្រយោជន៍ជាតិ និងបញ្ចៀសនូវការសម្រេចចិត្តដែលខ្វះការប្រុងប្រយ័ត្ននាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Anadolu Agency | រូបភាព៖ Fox News/ thehill & nytimes on Microsoft Bing