ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ណែនាំដល់អភិបាលស្រុកឱរ៉ាល់ថ្មីបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុបបំបាត់ឱ្យបានល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទ សោភ័ណ បានធ្វើការណែនាំដល់អភិបាលស្រុកឱរ៉ាល់ដែលទើបប្រកាសតែងតាំងថ្មី ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពនូវរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីនេះត្រូវលុបបំបាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗដែលកើតមាន ពិសេសគឺល្បែងឆបោកតាមអនឡាញ(Scams online) ការចរាចរណ៍គ្រឿងញៀន និងក្មេងទំនើង ជាដើម។ ការណែនាំដូចនេះ ក្នុងឱកាសតែងតាំង លោក នី នរៈ ពីអភិបាលរងស្រុកសាមគ្គីមុនីជ័យ ជាអភិបាលស្រុកឱរ៉ាល់ ជំនួស លោក ងួន វាសនា ដែលរាជរដ្ឋាភិបាលប្រគល់ភារកិច្ចថ្មី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។​

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ ហើយបើសេវាល្អ នោះពលរដ្ឋក៏គ្មានកង្វល់ដែរ។​ ដូច្នេះជាមន្ត្រី ជាអាជ្ញាធរត្រូវតែចុះជាប់ និងតាមដានរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ ហើយក្នុងករណីទទួលបាននូវសំណើរ សំណូមពរ និងតម្រូវការរបស់ពលរដ្ឋ ក្នុងនាមជាមន្ត្រី ជាអាជ្ញាធរត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា ហើយក្នុងករណីមិនអាចដោះស្រាយបានត្រូវដាក់រាល់សំណើរ និងសំណូមពរទាំងនោះមករដ្ឋបាលខេត្តដើម្បីពិនិត្យនិងដោះស្រាយបន្ត។

លោកបានបន្តថា រាល់ការផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។ ក្នុងនោះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ទន្ទឹមគ្នានោះ លោក ជាម ចន្ទ័សោភ័ណ ក៏បានព្រមានចាត់វិធានការចំពោះមន្ត្រី ឬអភិបាលស្រុកណាដែលមកបំពេញការងារនៅក្នុងខេត្តនេះដោយអាងខ្នង ឬខ្សែ ហើយមិនបម្រើផលប្រយោជន៍រាស្ត្រ។ លោកថាក្នុងនាមជាមន្ត្រីសាធារណៈគឺ ជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនៃរាស្ត្រនោះទេ ពោលគឺ មន្ត្រីកុំតាំងខ្លួនជាមេ ដោយសំអាងថា ខ្លួនបានមកកាន់តួនាទី ឬតំណែងនៅទីនេះដោយសារតែមានខ្សែជាអភិបាលខេត្ត ឬខ្នងធំនោះឡើយ។ លោកមិនគាំទ្រចំពោះចរិកមន្ត្រីដែលតាំងខ្លួនបែបនេះនោះទេ។ ការតាំងខ្លួនអញនិយមដោយសារតែមានខ្សែ ហើយមិនយកផលប្រយោជន៍រាស្ត្រដាក់ក្នុងបេះដូង ធ្វើអ្វីស្រេចតែចិត្ត លោកនឹងចាត់វិធានការភ្លាមមិនឱ្យមន្ត្រី ឬអភិបាលស្រុកនោះមានឱកាសដឹកនាំបន្តទៀតទេ។ លោកទទួលយកតែមន្ត្រីរូបណាដែលធ្វើការងារ និងមិនទទួលយកទេចំពោះមន្ត្រីរូបណាដែលអួតអាងខ្សែនោះឡើយ។

លោកក៏បានស្នើឱ្យមន្ត្រីទាំងអស់ត្រូវចេះរួមសាមគ្គីគ្នា ដោះដូរបទពិសោធរវាងគ្នានិងគ្នា ពិសេសករណីខុសទាស់ត្រូវចេះអប់រំពន្យល់ដល់គ្នាដើម្បីរកផ្លូវត្រូវ។ ម្យ៉ាងវិញទៀតកុំមើលស្រាលអ្នកដែលនៅជុំវិញខ្លួន ព្រោះអ្នកនៅជុំវិញអាចជាគ្រូនៃយើងគ្រប់គ្នា។ ត្រូវខិតខំអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើន យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យលេងកម្សាន្តច្រើន ខណៈដែលស្រុកឱរ៉ាល់មួយនេះសម្បូរទៅដោយរមណីយដ្ឋានធម្មជាតិច្រើនពិសេសគឺខ្នងភ្នំផ្សារ ទេរទឹកពុះ ខ្នងភ្នំឱរ៉ាល់ ជាដើម ដើម្បីទាញចំណូលដល់សហគមន៍៕


អត្ថបទ៖ ប៊ុត សារុន