ព័ត៌មានជាតិ

ឆេះបន្ទប់ខុនដូរជាន់ទី៣៥ នៅផ្លូវ៦០ម៉ែត្រ ខូចខាតទាំងស្រុង និងរបួសមនុស្សម្នាក់

image

ភ្នំពេញ៖ អគ្គិភ័យបានឆេះបន្ទប់ជាន់ទី៣៥ នៃអគារខុនដូរ១ ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​១១យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។​
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​មុនពេលកើតហេតុ គេបានឃើញមានផ្សែងហ៊ុយចេញពីជាន់ទី៣៥ នៃអគារ F បន្ទាប់មកក៏ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះពណ៌ក្រហមឆ្អៅតែម្តង។

ករណីនេះមន្ត្រីនគរបាលការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ភ្លាមៗ និងគ្របគ្រងបានទាំងស្រុងនៅយប់ថ្ងៃខែឆ្នាំដដែល ដោយអគ្គិភ័យនេះបានឆាបឆេះចំនួន១បន្ទប់ ខូចខាតស្ទើរទាំងស្រុង មានមនុស្សរបួសម្នាក់ ភេទប្រុស ជនជាតិបរទេស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។​

ខុនដូរនេះមានប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ដែលអាចគ្រប់គ្រងអគ្គិភ័យបានបណ្តោះអាសន្ន រហូតដល់ពេលមន្ត្រីជំនាញទៅដល់ទាន់ពេលវេលា។ ចំពោះមូលហេតុនៃការឆេះនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕


អត្ថបទ៖ រដ្ឋ រង្សី