ព័ត៌មានអន្តរជាតិ

ធនាគារ ADB ព្រមានថា តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឈមនឹងកំណើនសេដ្ឋកិច្ចទាប និងទំនិញឡើងថ្លៃ បើជម្លោះមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លី

image

ហ្វីលីពីន៖ ទេសាភិបាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក ម៉ាសាតុ កាន់ដា (Masato Kanda) បានចេញការព្រមានថា សេដ្ឋកិច្ចនៃបណ្ដាប្រទេសដែលកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងជួបប្រទះការថយចុះនៃកំណើនសេដ្ឋកិច្ច និងការកើនឡើងតម្លៃទំនិញប្រើប្រាស់។ មូលហេតុចម្បងដែលនាំឱ្យមានការប្រែប្រួលនេះ គឺដោយសារតែផលប៉ះពាល់ពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបានរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ពាណិជ្ជកម្ម និងទីផ្សារថាមពលសកល ។

យោងតាមទិន្នន័យចុងក្រោយ កំណើនសេដ្ឋកិច្ចក្នុងតំបន់ ត្រូវគេរំពឹងថានឹងធ្លាក់ចុះពី ៥,៤% មកត្រឹម ៤,៧% ក្នុងឆ្នាំ២០២៦។ ទន្ទឹមនឹងកំណើនទាប អត្រាអតិផរណាដែលធ្លាប់តែមានកម្រិតទាប អាចនឹងហក់ឡើងខ្ពស់ស្ទើរតែគុណនឹងពីរ ដែលជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស គឺការកើនឡើងនូវថ្លៃចំណាយប្រចាំថ្ងៃ ។

ក្ដីបារម្ភកាន់តែខ្លាំងឡើងនៅពេលដែលអ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ប្រសិនបើជម្លោះមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីនោះទេ វានឹងធ្វើឱ្យតំបន់អាស៊ីបាត់បង់សក្ដានុពលសេដ្ឋកិច្ចកាន់តែច្រើនក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលជាការប៉ះទង្គិចមួយយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចក្រោយវិបត្តិផ្សេងៗ ។

ស្ថានភាពនយោបាយពិភពលោកនាពេលបច្ចុប្បន្នកាន់តែមានភាពស្មុគស្មាញ បើទោះបីជាមានបទឈប់បាញ់បណ្ដោះអាសន្នរយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ក៏ដោយ។ អ្នកសង្កេតការណ៍សេដ្ឋកិច្ច បានចាត់ទុកកិច្ចព្រមព្រៀងនេះថាមានសភាពផុយស្រួយខ្លាំងបំផុត និងមិនទាន់អាចផ្ដល់ជាមូលដ្ឋានរឹងមាំសម្រាប់ស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលវែងបាននៅឡើយទេ ។

ការបិទច្រកសមុទ្រយុទ្ធសាស្ត្រ ហ័រមូស (Hormuz) កន្លងមក បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកជួបវិបត្តិធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ បញ្ហានេះមិនត្រឹមតែធ្វើឱ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានរុញច្រានឱ្យតម្លៃជីកសិកម្ម និងតម្លៃដឹកជញ្ជូនទំនិញឡើងថ្លៃតាមគ្នា ដែលបង្កជាសម្ពាធសេដ្ឋកិច្ចដល់គ្រប់វិស័យទាំងអស់ ។

ជាដំណោះស្រាយ ADB បានណែនាំឱ្យរដ្ឋាភិបាលក្នុងតំបន់អាស៊ី ផ្ដោតសំខាន់លើការគ្រប់គ្រងអត្រាអតិផរណា និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុឱ្យបានម៉ឺងម៉ាត់។ លើសពីនេះ ប្រទេសនីមួយៗគួរតែចាប់ផ្ដើមធ្វើពិពិធកម្មប្រភពថាមពល និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រភពតែមួយ និងត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលនឹងអាចកើតមានជាយថាហេតុនាពេលអនាគត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Carla Carniel)/ economictimes.indiatimes on Microsoft Bin/