ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការរៀបចំពិធីចូលឆ្នាំថ្មីនៅកំពង់ធំឆ្នាំដើម្បីពង្រឹងអត្តសញ្ញាណជាតិ ភាពធន់ភាពរឹងមាំ និងនិរន្តរភាពជាតិខ្មែរ

image


កំពង់ធំ៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ និងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ ការប្រើប្រាស់ ផលិតផលខ្មែរ លើកទី៩» នៅបរិវេណសួនស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល, តំណាងក្រសួង ស្ថាប័ន, តំណាងរដ្ឋបាល រាជធានី ខេត្ត ទាំង២៥, ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


អង្គពិធីទាំងមូលបានស្តាប់នូវសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» ដែលអានដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ប្រកបដោយអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅ ដោយបានឆ្លុះបញ្ចាំងអំពីតថភាព និងសច្ចភាពប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ហើយក៏បានចង្អុលអំពីស្ថានភាពរបស់កម្ពុជា និងបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាគោលដៅនិងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល ក្នុងដំណើរឆ្ពោះទៅមុខទៀត ក្នុងការកសាងជាតិមួយនេះឱ្យរឹងមាំ និងឱ្យខ្លាំងឡើង។


ដោយឡែក ចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត កំពង់ធំ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សង្ក្រាន្ត កំពង់ធំឆ្នាំនេះ ចាប់ផ្តើមពីថ្ងៃទី១០ ខែមេសា តទៅ ដោយរួមមាន៖ កម្មវិធីសាសនា,ការលេង ល្បែងប្រជាប្រិយ, ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តជាច្រើនទៀត ព្រមទាំងការតាំងពិព័រណ៍ផលិតផលខ្មែរមកពី ២៥រាជធានីខេត្តផងដែរ ហើយជាពិសេសនៅថ្ងៃទី១២ នឹងមានពិធីបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពនិងវីរនគរបាលពលី។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថាព្រឹត្តិការណ៍ចូលឆ្នាំថ្មីឆ្នាំនេះ មានលក្ខណៈពិសេសដោយសារយើងបើកសង្ក្រាន្តកំពង់ធំ ផ្សារភ្ជាប់ជាមួយនឹងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ផលិតផលខ្មែរ ដែលជារបៀបវារៈនិងកម្មវិធីជាតិដ៏សំខាន់មួយ។ ទន្ទឹមនេះ ការរៀបចំព្រឹត្តិការណ៍ទាំងពីរនេះក្នុងពេលតែមួយ គឺមានអត្ថន័យ និងក្នុងគោលដៅពង្រឹងភាពធន់ និងភាពខ្លាំងរបស់ជាតិកម្ពុជា ទាំងក្នុងក្របខ័ណ្ឌអត្តសញ្ញាណជាតិ, វប្បធម៌ និងសាសនា និងទាំងក្នុងន័យសេដ្ឋកិច្ច ពិសេសពង្រឹងសមត្ថភាពផលិតរបស់ជាតិយើង ដើម្បីយើងអាចរស់ខ្លួនដោយឯងបាន, អាចពឹងខ្លួនឯងបាន, អាចឈរជើងដោយខ្លួនឯងបាន ហើយអាចរស់រានជាជាតិមួយក្នុងរយៈពេលយូរទៅមុខទៀត។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ការរៀបចំសង្ក្រាន្តនៅកំពង់ធំឆ្នាំនេះ មិនត្រឹមជាតែជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់ខេត្តកំពង់ធំ ដែលកើតចេញពីសាមគ្គីភាពនិងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ, អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពង់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងសង្គមដ៏ធំមួយតាមរយៈការចូលរួមដោយស្ម័គ្រចិត្ត, ការយល់ដឹង, ការស្រឡាញ់ និងការលះបង់ ដែលជាចលនាជាតិដ៏សំខាន់មួយ ដើម្បីពង្រឹងសាមគ្គីភាព, ឯកភាពជាតិ, ភាពធន់ និងភាពរឹងមំារបស់ជាតិខ្មែរយើងទាំងមូល ក្នុងខណៈដែលប្រទេសយើងកំពុងទទួលរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់ប្រទេសថៃ ដែលបានធ្វើឱ្យប៉ះពាល់ដល់គ្រប់ទិដ្ឋភាព ទាំងនយោបាយ, សេដ្ឋកិច្ច និងសង្គមនៃប្រទេសជាតិយើង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពិធីបុណ្យដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យនិងព្រះរាជពិធីបុណ្យផ្សេងៗទៀត។ ការប្រារព្ធពិធីបុណ្យនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាសប្បាយរីករាយ ឬឈប់សម្រាកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីពង្រឹង និងធានាបាននូវនិរន្តរភាព នៃប្រវត្តិសាស្រ្ត,ប្រពៃណីទំនៀមទម្លាប់ និងជាវប្បធម៌ជាតិ ដែលជាដួងព្រលឹងជាតិ និងជាកម្លាំងស្នូលដែលទ្រទ្រង់អត្តសញ្ញាណជាតិនិងការបង្រួបបង្រួមជាតិរបស់យើងមកដល់សព្វថ្ងៃនេះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ចំពោះមុខសភាពការណ៍ប្រែប្រួលថ្មីមិនធ្លាប់មានពីមុនមក ដោយសារភាពរង្គោះរង្គើនៃសណ្នាប់ធ្នាប់ពិភពលោក ក៏ដូចជាដូចបញ្ហាប្រឈមធំៗដែលកម្ពុជាកំពុងជួបប្រទះជាបន្តបន្ទាប់ ពិសេសគ្រោះថ្នាក់គំរាមកំហែងដល់អត្ថិភាពជាតិ, ទាមទារឱ្យយើងទាំងអស់គ្នា ទាំងប្រជាជន កងទ័ព រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នករកស៊ី អាជីវករ ពាណិជ្ជករ និងវិនិយោគិនទាំងមូល ត្រូវចេះនិងស្វែងយល់ ហើយខិតខំប្រឹងប្រែង និងរួបរួមគ្នាជាកម្លាំងតែមួយ ក្នុងគោលដៅតែមួយ និងលើមាគ៌ាតែមួយ។ ដោយឡែក នៅក្នុងក្របខណ្ឌខេត្តកំពង់ធំ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពង់ធំ ឱ្យបន្តសាមគ្គីឯកភាព និងរួបរួមគ្នាលើកស្ទួយខេត្តកំពង់ធំឱ្យកាន់តែអភិវឌ្ឍនិងរីកចម្រើនខ្លាំងឡើង។


លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ការលើកកម្ពស់ផលិតផលខ្មែរ គឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ និងសន្តិសុខសេដ្ឋកិច្ច តាមរយៈការជំរុញ និងលើកកម្ពស់សមត្ថភាពផលិតក្នុងស្រុក ឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន ដោយរួមទាំងការផលិតនូវមុខទំនិញយុទ្ធសាស្ត្រ សម្រាប់ធានាសន្តិសុខស្បៀងផង ក៏ដូចជាសម្រាប់ធានាសន្តិសុខជាតិទាំងមូលផង ព្រមទាំងដើម្បីបង្កើនសមត្ថភាពនាំចេញផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា គោលដៅនៃចលនាភូមិមួយផលិតផលមួយ គឺដើម្បីប្រែក្លាយផលិតផល និងទំនិញជនបទឱ្យក្លាយទៅជា ទំនិញពាណិជ្ជកម្ម ព្រមទាំងពង្រឹងសហគមន៍ នៅមូលដ្ឋានឱ្យចេះផលិត និងបង្កើតដោយខ្លួនឯង ដោយមិនត្រឹមតែសម្រាប់ហូបចុកនិងប្រើប្រាស់ក្នុងសហគមន៍ខ្លួនឯងនោះទេ ប៉ុន្តែត្រូវចេះលក់ដូរ មានភាពជាម្ចាស់និងមានការដឹកនាំត្រឹមត្រូវ ហើយខិតខំប្រឹងប្រែង និងរៀនសូត្រ ដើម្បីបង្កើតនិងបង្កើនការផលិត បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ទាំងក្នុងក្របខ័ណ្ឌជាតិ រហូតដល់ក្របខ័ណ្ឌអន្តរជាតិ។

ប៉ុន្តែកិច្ចការនេះ ត្រូវមានការចូលរួមពីអ្នកប្រើប្រាស់ អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្ដល់សេវាគាំទ្រ និងស្ថាប័ន រដ្ឋ ព្រមទាំងតួអង្គពាក់ព័ន្ធទាំងអស់ ក្នុងប្រព័ន្ធអេកូឡូស៊ីទាំងមូល(Ecosystem)។


នៅក្នុងឱកាសបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ និងពិធីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ នេះដែរ, លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបួងសួងដល់ទេវតា ឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមជួយតាមថែរក្សា ការពារ និងប្រោះព្រំសព្វសាធុការពរជ័យដល់វីរកងទ័ព និងវីរ នគរបាល ដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន និងក្រុមគ្រួសារ ក៏ដូចជាដល់ក្រុមការងារ និងអាជ្ញាធរ ព្រមទាំងប្រជាពលរដ្ឋខេត្តកំពង់ធំ។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានឧបត្ថម្ភថវិកាជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ២០លានរៀល, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ១០លានរៀល និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១០លានរៀលផងដែរ៕