ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងភរិយា ចូលរួមវេចនំអន្សមសម្រាប់ផ្ញើជូនវីរកងទ័ព​ ដែលឈរជើងនៅតាមបណ្ដោយព្រំដែន

image

កំពង់ធំ៖ នៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍បើកសង្រ្កាន្ត លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងភរិយា បានចូលរួមវេចនំអន្សមជាមួយមន្រ្តីរដ្ឋបាលខេត្តកំពង់ធំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ៥០០០នំ សម្រាប់រៀបចំផ្ញើជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។


ការរៀបចំវេចនំអន្សមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ផ្ញើជូនវីរកងទ័ពនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ និងជាមូលដ្ឋាននៃការពង្រឹងអត្តសញ្ញាណជាតិ ទៅនឹងការតបស្នងដឹងគុណចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានខិតខំតស៊ូ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។


គូសបញ្ជាក់ដែរថា លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នឹងដឹកនាំមន្រ្តីរដ្ឋបាលខេត្ត ដើម្បីយកនំអន្សមទៅប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ និងក្នុងស្មារតីសមរភូមិក្រោយឈរនៅពីក្រោយសមរភូមិមុខ យ៉ាងរឹងមាំ និងជាធ្លុងមួយ៕