សង្គម

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ នៃកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។

ក្នុងសារលិខិត អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា “នៅក្នុងទិវាដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្តីអភិរម្យសោមនស្សរីករាយ ទូលព្រះបង្គំជា ខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត គោរពទូលថ្វាយនូវព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសបរវមហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវ គារវភក្ដីភាពប្រកបដោយមហាករុណាទិគុណដ៏ធំធេង និងសូមគោរពដឹងគុណូបការៈដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះអង្គ ក្នុងការលះបង់ព្រះបញ្ញាញាណ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយ ព្រហ្មវិហារធម៌ និងទសពិជរាជធម៌ ក្នុងវិស័យអប់រំសិក្សាធិការ ព្រះពុទ្ធសាសនា សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ក្នុងសង្គមកម្ពុជានាពេលកន្លងមក។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណម្យបួងសួង ដល់ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ជាពិសេសបុណ្យបារមីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ព្រះបរមរតនកោដ្ឋសូមព្រះអង្គតាមជួយអភិបាលគ្រងរក្សា ការពារថ្វាយព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង និង សូម ព្រះអង្គ ទ្រង់សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។”