ចលនាបាតុកម្មដ៏ធំមួយ កើតឡើងក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសកម្មភាពយោធាអ៊ីស្រាអ៊ែល-អាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា
អាល្លឺម៉ង់៖ ចលនាបាតុកម្មដ៏ធំមួយបានកើតឡើងកាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងសកម្មភាពយោធារបស់អ៊ីស្រាអ៊ែល និងអាម៉េរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រុមបាតុករ បានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ខ្លាំងៗដែលរក្សាភាពស្ងប់ស្ងាត់ ដោយពួកគេចាត់ទុកថាជាការសមគំនិតក្នុងអំពើហិង្សា ខណៈសេចក្ដីរាយការណ៍បង្ហាញថា ការវាយប្រហារតាមអាកាសលើលីបង់បានសម្លាប់ និងរបួសមនុស្សរាប់ពាន់នាក់ ។
ភាពតានតឹងនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត បន្ទាប់ពីមានប្រតិបត្តិការយោធារួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល ប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ។ ការវាយបកត្រឡប់ទៅវិញរបស់អ៊ីរ៉ង់ បានធ្វើឱ្យជម្លោះនេះរីករាលដាលពេញតំបន់ឈូងសមុទ្រ ដែលបង្កជាក្ដីបារម្ភដល់សន្តិសុខពិភពលោក និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់ត្រូវទទួលបរាជ័យ ។
ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតចុងក្រោយ អនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វែន (JD Vance) បានជួបចរចាដោយផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថាន អស់រយៈពេល ២១ ម៉ោង។ ទោះជាយ៉ាងណាក្ដី ជំនួបជាប្រវត្តិសាស្ត្រនេះ បានបញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់កាលពីថ្ងៃអាទិត្យ ដោយភាគីទាំងពីរនៅតែមានទស្សនៈខុសគ្នាលើបញ្ហាស្នូលមួយចំនួន ដែលធ្វើឱ្យក្តីសង្ឃឹមនៃសន្តិភាពកាន់តែចុះខ្សោយ ។
ខណៈអ៊ីរ៉ង់យល់ថាការចរចាតែមួយលើក មិនអាចដោះស្រាយបញ្ហាស្មុគស្មាញបានឡើយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បែរជាបង្ហាញជំហរមិនខ្វល់ខ្វាយពីលទ្ធផលនៃការចរចា ដោយអះអាងថាអាម៉េរិកជាអ្នកឈ្នះសង្គ្រាមរួចទៅហើយ។ ភាពមិនចុះសម្រុងគ្នានេះ រួមផ្សំជាមួយនឹងការកើនឡើងនៃចំនួនជនរងគ្រោះស៊ីវិល បាននិងកំពុងរុញច្រានតំបន់មជ្ឈិមបូព៌ាឱ្យធ្លាក់ចូលក្នុងសង្គ្រាមទ្រង់ទ្រាយធំ ដែលពិបាកនឹងគ្រប់គ្រង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.