ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ស្ត្រីជិត ៥,០០០ នាក់ និងកុមារជាង ២,០០០ នាក់ រងគ្រោះក្នុងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែល

image


អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ តាមរយៈប្រធានផ្នែកសេវាសង្គ្រោះបន្ទាន់ លោក​ ចាហ្វា​ ម៉ាត់ហ្វា (Jafar Miadfar) បានបញ្ចេញទិន្នន័យជនរងគ្រោះស៊ីវិលរាប់ពាន់នាក់ ដែលបានស្លាប់ និងរបួសនៅក្នុងប្រតិបត្តិការយោធារួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល។ អ្វីដែលគួរឱ្យរន្ធត់បំផុតនោះគឺ ក្នុងចំណោមជនរងគ្រោះទាំងនោះ មានស្ត្រីជិត ៥,០០០ នាក់ និងកុមារតូចៗជាង ២,០០០ នាក់ ដែលត្រូវគេអះអាងថាជាជនស៊ីវិលសុទ្ធសាធ និងមិនមានការពាក់ព័ន្ធនឹងកិច្ចការយោធាឡើយ ។

ខេត្តយុទ្ធសាស្ត្រសំខាន់ៗជាច្រើនរបស់អ៊ីរ៉ង់ រួមទាំងរដ្ឋធានីតេហរ៉ង់ផងនោះ បានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយសោកនាដកម្មដែលគួរឱ្យខ្លោចផ្សាបំផុតបានកើតឡើងនៅឯសាលារៀនក្នុងទីក្រុង មីណាប (Minab)។

ការវាយប្រហារលើទីតាំងអប់រំនេះ បានបណ្ដាលឱ្យកុមារ និងស្ត្រីជាច្រើនរយនាក់បាត់បង់ជីវិត ក្នុងនោះមានសូម្បីតែកុមារអាយុក្រោម ៥ ឆ្នាំ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាចំណុចក្ដៅបំផុតនៃវិបត្តិមនុស្សធម៌នាពេលបច្ចុប្បន្ន ។

ក្រៅពីការបាត់បង់ជីវិតមនុស្ស ប្រព័ន្ធសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលសាធារណៈរបស់អ៊ីរ៉ង់ ក៏រងនូវការបំផ្លិចបំផ្លាញយ៉ាងដំណំផងដែរ។ មូលដ្ឋានសង្គ្រោះបន្ទាន់ និងរថយន្តសង្គ្រោះជាច្រើនត្រូវបានកម្ទេច ខណៈបុគ្គលិកពេទ្យជិត ៨០ នាក់បានរងរបួស និងបាត់បង់ជីវិតក្នុងពេលកំពុងបំពេញបេសកកម្មសង្គ្រោះនៅលើដងផ្លូវ ដែលនេះបានធ្វើឱ្យសមត្ថភាពឆ្លើយតបនឹងគ្រាអាសន្នរបស់ប្រទេសជាតិនេះ ធ្លាក់ចុះយ៉ាងខ្លាំង ។

សោកនាដកម្មនេះ កើតឡើងស្របពេលដែលកិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងអាម៉េរិកនៅទីក្រុងអ៊ីស្លាម៉ាបាដបានទទួលបរាជ័យ ដោយភាគីទាំងពីរមិនអាចព្រមព្រៀងលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz បានឡើយ។ ទោះជាយ៉ាងណាក្ដី អ៊ីរ៉ង់នៅតែទុកឱកាសសម្រុះសម្រួល ដោយប្រកាសថានឹងបញ្ឈប់រាល់ប្រតិបត្តិការការពារខ្លួនទាំងអស់ ប្រសិនបើភាគីម្ខាងទៀតយល់ព្រមបញ្ឈប់ការវាយប្រហារមកលើទឹកដីរបស់ខ្លួនជាមុន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ VIORY/ (AFP/Getty Images)/ (Bilal Hussein/AP)