ព័ត៌មានអន្តរជាតិ

វិស្វករចិន សម្រុកពង្រឹងសមត្ថភាពមនុស្សយន្ត មុនការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅថ្ងៃទី ១៩ ខែមេសា

image


ចិន៖ ក្រុមបច្ចេកវិទ្យាជាង ៧០ក្រុម ក្នុងប្រទេសចិន បានជួបជុំគ្នាធ្វើតេស្តសាកល្បងការរត់របស់មនុស្សយន្ត កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យា (E-Town) នៃទីក្រុងប៉េកាំង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងរបស់មនុស្សយន្តជាលើកដំបូង។ ការសាកល្បងនេះ មានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យមើលសមត្ថភាពជាក់ស្ដែងរបស់មនុស្សយន្ត ទាំងលើផ្លូវសាធារណៈ និងផ្លូវក្នុងសួនច្បារ ដើម្បីធានាថាពួកវាអាចរត់បានរលូន និងមានសុវត្ថិភាព ។

ក្នុងអំឡុងនៃការសាកល្បងនោះ ក្រុមវិស្វករបានតាមដានយ៉ាងកៀកកិត ដើម្បីតាមដានទិន្នន័យ និងកែសម្រួលបច្ចេកទេសភ្លាមៗនៅពេលមានបញ្ហា។ យោងតាមលោក Chu Yang ដែលជាអ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Unitree Robotics ជាក្រុមហ៊ុនផលិតមនុស្សយន្តឈានមុខគេមួយ បានលើកឡើងថា កំណើននៃល្បឿន និងសមត្ថភាពបញ្ចប់ការរត់របស់មនុស្សយន្តក្នុងឆ្នាំនេះ មានភាពលេចធ្លោខ្លាំង ដែលបង្ហាញពីការឈានឡើងមួយកម្រិតទៀតនៃបច្ចេកវិទ្យាឆ្លាតវៃ (AI) និងគ្រឿងម៉ាស៊ីនរបស់មនុស្សយន្ត ។

ទោះបីជាលទ្ធផលដំបូងមានភាពវិជ្ជមានក៏ដោយ ប៉ុន្តែអ្នករៀបចំកម្មវិធី បានរកឃើញកំហុសបច្ចេកទេស និងបញ្ហាសុវត្ថិភាពមួយចំនួនដែលត្រូវប្រញាប់ដោះស្រាយ។ គោលដៅចម្បងរបស់ពួកគេនាពេលនេះ គឺធ្វើយ៉ាងណាឱ្យគ្រឿងម៉ាស៊ីនមានភាពធន់ និងធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកចូលរួម មុនពេលឈានដល់ការប្រកួតផ្លូវការដែលមានចម្ងាយរហូតដល់ ២១ គីឡូម៉ែត្រ ។

ការប្រកួតជាប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ដោយមានការរំពឹងទុកខ្ពស់ថា មនុស្សយន្តខ្លះអាចនឹងបង្កើតកំណត់ត្រាល្បឿនបានល្អដូចអ្នករត់ប្រណាំងអាជីព។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសាកល្បងនូវសក្ដានុពលនៃបច្ចេកវិទ្យាមនុស្សយន្ត ក្នុងការរស់នៅ និងធ្វើការងារក្នុងបរិស្ថានពិតប្រាកដជាមួយមនុស្សនៅក្នុងប្រទេសចិនផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.