អាជ្ញាធរជាតិអប្សរា ប្រកាសពីហានិភ័យមួយចំនួន ដែលអាចកើតឡើងនៅរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់ព្យុះទី៤ ឈ្មោះ ស៊ីនឡាតូ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនពីខ្យល់ព្យុះទី៤ ឈ្មោះស៊ីនឡាគូ ចាប់ពីថ្ងៃទី១៤-២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងនោះខេត្តសៀមរាប ក៏ទទួលរងឥទ្ធិពលខ្លះៗផងដែរ។
តាមរយៈនេះ រមណីយដ្ឋាន អង្គរ អាចនឹងទទួលរងផលប៉ះពាល់មួយចំនួន កើតចេញពីឥទ្ធិពលខ្យល់ព្យុះនេះ ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ដែលជាហេតុបណ្តាលឱ្យដីជ្រោយងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងពេលខាងលើ ដោយសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕