ព័ត៌មានអន្តរជាតិ

បាតុករនៅទីក្រុងយ៉េរូសាឡឹម ចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ថាអូសបន្លាយសង្គ្រាម ដើម្បីចំណេញនយោបាយ

image


អ៊ីស្រាអ៊ែល៖ ភាពតានតឹងនយោបាយនៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានផ្ទុះឡើងកាន់តែខ្លាំង ខណៈដែលប្រជាជនរាប់រយនាក់ កាលពីយប់ថ្ងៃសៅរ៍ បានចេញមកធ្វើបាតុកម្មនៅទីក្រុងយ៉េរូសាឡឹម ដើម្បីប្រឆាំងនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប៊ែនចាមីន​ ណេតាន់យ៉ាហ៊ូ​ (Benjamin Netanyahu)។ ក្រុមបាតុករ បានទាមទារឱ្យបញ្ឈប់រាល់ប្រតិបត្តិការយោធានៅក្នុងតំបន់ និងបង្ខំឱ្យមេដឹកនាំរូបនេះចុះចេញពីតំណែង ដោយសារតែពួកគេយល់ថា ការបន្តធ្វើសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ល្អសម្រាប់ប្រទេសជាតិនោះទេ ។

ចំណុចរសើបបំផុតនៃការតវ៉ានេះ គឺជាការចោទប្រកាន់ថា លោក Netanyahu កំពុងប្រើប្រាស់ជីវិតកងទ័ព និងសង្គ្រាមជាមួយអ៊ីរ៉ង់ និងលីបង់ ធ្វើជាខែលការពារខ្លួនពីបញ្ហាផ្លូវច្បាប់ផ្ទាល់ខ្លួន។ ក្រុមបាតុករជឿថា លោកមានបំណងអូសបន្លាយជម្លោះប្រដាប់អាវុធ ដើម្បីពន្យារពេលសវនាការតុលាការដែលលោកកំពុងប្រឈមមុខ ដែលទង្វើនេះ ត្រូវគេមើលឃើញថា ជាការយកប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាន់លើសន្តិសុខជាតិ ។

ក្រៅពីបញ្ហាសង្គ្រាម រដ្ឋាភិបាលអ៊ីស្រាអ៊ែល ក៏កំពុងរងការរិះគន់យ៉ាងចាស់ដៃចំពោះការប៉ុនប៉ងកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីពង្រឹងអំណាចរបស់ខ្លួន។ ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា រដ្ឋាភិបាលកំពុងឆ្លៀតឱកាសក្នុងគ្រាសង្គ្រាម ដើម្បីកាត់បន្ថយអំណាចត្រួតពិនិត្យរបស់តុលាការកំពូល និងជៀសវាងការទទួលខុសត្រូវចំពោះភាពបរាជ័យផ្នែកសន្តិសុខកាលពីខែតុលា ឆ្នាំមុន ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ។

ទោះបីជាមានការប៉ុនប៉ងរារាំងពីសំណាក់រដ្ឋាភិបាលក៏ដោយ ក៏តុលាការកំពូលអ៊ីស្រាអ៊ែល បានសម្រេចអនុញ្ញាតឱ្យប្រជាជនបន្តសិទ្ធិក្នុងការតវ៉ាដដែល។ នេះសបញ្ជាក់ឱ្យឃើញពីការបែកបាក់គ្នាយ៉ាងខ្លាំងរវាងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋ ដែលអាចនឹងធ្វើឱ្យស្ថានភាពនយោបាយក្នុងស្រុកកាន់តែមានភាពរង្គោះរង្គើ បន្ថែមលើបន្ទុកនៃសង្គ្រាមដែលកំពុងឆេះសន្ធោសន្ធៅនៅតាមព្រំដែន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.