ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបើកបរឡានដឹកទំនិញ និងកសិករក្នុងប្រទេសអៀរឡង់ដ៍ ចេញតវ៉ាប្រឆាំងនឹងកំណើនតម្លៃប្រេងម៉ាស៊ូត

image


អៀរឡង់ដ៍៖ ក្រុមអ្នកបើកបរឡានដឹកទំនិញ និងកសិករក្នុងប្រទេសអៀរឡង់ដ៍ បានប្រើប្រាស់យានយន្តធំៗបិទផ្លូវសំខាន់ៗក្នុងទីក្រុងឌូប្លាំង (Dublin) និងរោងចក្រចម្រាញ់ប្រេង ដើម្បីប្រឆាំងនឹងការឡើងថ្លៃនៃតម្លៃប្រេងម៉ាស៊ូត។ ការតវ៉ានេះ បានឈានចូលដល់ថ្ងៃទី៦ ហើយ គិតត្រឹមថ្ងៃអាទិត្យ ដែលបង្កឱ្យមានការកកស្ទះហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញទូទាំងប្រទេសយ៉ាងខ្លាំង ។

មូលហេតុចម្បងដែលនាំឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាង ២០% គឺដោយសារតែសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ដែលបណ្ដាលឱ្យច្រកសមុទ្រ Hormuz ត្រូវបិទ។ ការបិទច្រកសមុទ្រដ៏សំខាន់នេះ បានធ្វើឱ្យការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំនៃពិភពលោកត្រូវកកស្ទះ ដែលជះឥទ្ធិពលអាក្រក់ភ្លាមៗដល់សេដ្ឋកិច្ចសកល និងជីវភាពរស់នៅរបស់ប្រជាជននៅអឺរ៉ុប ។

កិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូតនៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបញ្ចប់ជម្លោះនេះ ត្រូវទទួលបរាជ័យទាំងស្រុង បន្ទាប់ពីភាគីអាម៉េរិក និងអ៊ីរ៉ង់មិនបានព្រមព្រៀងគ្នាលើបញ្ហាស្នូលនៃអាវុធនុយក្លេអ៊ែរ។ ការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក បានធ្វើឱ្យក្ដីសង្ឃឹមនៃសន្តិភាពកាន់តែថមថយ ខណៈសកម្មភាពយោធានៅលីបង់ កំពុងគំរាមកំហែងដល់ស្ថិរភាពនយោបាយក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ។

ភាពតានតឹងបានឈានដល់ចំណុចកំពូល បន្ទាប់ពីការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ក្នុងប្រតិបត្តិការយោធារួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីចុងខែកុម្ភៈ។ ការផ្លាស់ប្តូរមេដឹកនាំថ្មីនៅអ៊ីរ៉ង់ និងការបន្តវាយប្រហារគ្នាទៅវិញទៅមក បានរុញច្រានឱ្យវិបត្តិថាមពលសកលកាន់តែអូសបន្លាយយូរ ដែលតម្រូវឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវត្រៀមខ្លួនទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY​ | រូបភាព៖​ Screenshot from VIORY's video.